ឥស្សរជនកំពូលៗ​បានសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងស្មារតីជាបងប្អូន​របស់ព្រះសហគមន៍​នៅអាស៊ី

បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមឆ្នាំ ២០២៥ បានបើកសម្ពោធកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដោយបានប្រមូលផ្តុំមេដឹកនាំព្រះសហគមន៍ជាង ២០០០ នាក់ រួមមាន កាឌីណាល់ ១០រូប, លោកអភិបាល១០៤រូប បូជាចារ្យ១៥៥រូប ដូនជី៧៤រូប ឧបដ្ឋាក​៨រូប ព្រមទាំងមេដឹកនាំគ្រហស្ថជិត ៤២២ នាក់ សមាជិកក្រុមអ្នករៀបចំ៣២​នាក់ និងអ្នកស្ម័គ្រចិត្តជាង៩០នាក់មកពី៣២ ប្រទេស។

នៅក្នុងសារបើកសម្ពោធរបស់លោក កាឌីណាល់ សេបាស្ទៀន ហ្វ្រាន់ស៊ីស ហ្វ្រាន់ស៊ីស អភិបាលនៃក្រុងប៉េណាំង បានស្វាគមន៍អ្នកចូលរួមមកកាន់អ្វីដែលលោកហៅថា «រដូវផ្ការីកនៃក្តីសង្ឃឹមពិត» សម្រាប់ព្រះសហគមន៍នៅអាស៊ី។

ដោយដកស្រង់ប្រធានបទនៃបូជនីយចរ៖ «ធ្វើដំណើររួមគ្នាជាប្រជាជនអាស៊ី... ហើយពួកគេបានទៅតាមផ្លូវផ្សេង» (ម៉ាថាយ ២:១២) កាឌីណាល់ បានរំឭកអង្គប្រជុំថា ដូចជាពួកហោរាចារ្យដែរ ព្រះសហគមន៍ត្រូវបានអំពាវនាវ «ឱ្យដើររួមគ្នាក្នុងរបៀបស៊ីណូដាលីធី (Synodality) ដោយទទួលយកមាគ៌ាថ្មីនៃការធ្វើជាព្រះសហគមន៍នៅអាស៊ី ដែលចាក់ឫសក្នុងភាព​ជា​បងប្អូន(Fraternity)»។

លោកបានគូសបញ្ជាក់ថា ជំនួបនេះបានកើតឡើងជា​​ប្រវត្តិសាស្ត្រសម្រាប់ព្រះសហគមន៍ ស្របពេលដែលព្រះសហគមន៍ត្រៀមបិទបញ្ចប់ ឆ្នាំមហាករុណាទិគុណ​២០២៥ ដោយទន្ទឹងរង់ចាំ ទិវាយុវជនពិភពលោក នៅទីក្រុងសេអ៊ូល ឆ្នាំ​២០២៧ និងដំណាក់កាលចុងក្រោយនៃ ស៊ីណូដស្តីពីស៊ីណូដាលីធី នៅឆ្នាំ​២០២៨។

កាឌីណាល់ ហ្វ្រាន់ស៊ីស បានបន្ថែមថា៖ «យើងដែលជាជនជាតិអាស៊ី គឺជាអ្នកនិទានរឿងចេញពី​ចិត្ត។ ហើយរឿងដ៏អស្ចារ្យបំផុតដែលធ្លាប់បាននិទាន គឺរឿងរបស់ព្រះយេស៊ូគ្រីស្ត នៅតែបន្តនៅក្នុងយើងសព្វថ្ងៃនេះ តាមរយៈអំណាចនៃព្រះវិញ្ញាណដ៏វិសុទ្ធ»។

ឯកឧត្តមដាទុក អារ៉ន់ អាហ្គោ ដាហ្គាង (Datuk Aaron Ago Dagang) រដ្ឋមន្ត្រីក្រសួងឯកភាពជាតិម៉ាឡេស៊ី ក៏បានថ្លែងទៅកាន់បូជនីយេសក៍ ដោយកោតសរសើរដល់ព្រះសហគមន៍កាតូលិក ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងការសន្ទនាគ្នា។

លោកបានសង្កត់ធ្ងន់លើគោលការណ៍ជាតិរបស់ប្រទេសម៉ាឡេស៊ីថា៖ «ឯកភាពគឺជាកម្លាំង» ដោយមានប្រសាសន៍ថា៖ «ភាពចម្រុះមិនមែនជាឧបសគ្គទេ ប៉ុន្តែជាប្រភពនៃកម្លាំង។ ភាពសុខដុមរមនាជំរុញឱ្យមានការទុកចិត្ត ជំរុញភាពអាណិតអាសូរ និងជួយយើងឱ្យមើលឃើញគ្នាទៅវិញទៅមក មិនមែនជាជនចម្លែកនោះទេ ប៉ុន្តែជាដៃគូក្នុងការកសាងជាតិ»។

រដ្ឋមន្ត្រីរូបនេះក៏បានពន្យល់ពីវិធីសាស្រ្តរបស់ប្រទេសម៉ាឡេស៊ីក្នុងការរក្សាសន្តិភាព តាមរយៈកិច្ចសហការអន្តរសាសនា ការចូលរួមរបស់សហគមន៍ និងការសម្របសម្រួលនៅថ្នាក់មូលដ្ឋាន ដោយកត់សម្គាល់ថា ទីកន្លែងគោរពបូជាត្រូវតែជា «មជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ មិនមែនជាទីកន្លែងឯកោទេ»។ លោកបានជំរុញឱ្យសហគមន៍ទាំងអស់ «យល់ដឹង គោរព ទទួលយក និងអបអរសាទរ» គ្នាទៅវិញទៅមក ជាតម្លៃដែលលោកហៅថា ចាំបាច់សម្រាប់សង្គមអាស៊ី។

លោកអភិបាលចច ប៉ាលីពប៉ារ៉ាប៊ីល (George Pallipparambil), SDB ប្រធានការិយាល័យ​ប្រកាសដំណឹងល្អនៃ​សភាលោកអភិបាលអាស៊ី​ (FABC-OE) បានដាក់ព្រឹត្តិការណ៍នេះនៅក្នុងបរិបទដ៏ទូលំទូលាយនៃបេតិកភណ្ឌវប្បធម៌ និងសាសនាដ៏សម្បូរបែបរបស់អាស៊ី។ លោកបានរំឭកដល់​អ្នកចូលរួមថា៖ «អាស៊ីគឺជាទីកំណើតនៃសាសនាធំៗទាំងអស់របស់ពិភពលោក និងជាលំនៅដ្ឋាននៃភាពចម្រុះដ៏អស្ចារ្យ» ប៉ុន្តែនៅតែមានភាពរួបរួមដោយតម្លៃរួមដូចជា ការគោរពចំពោះមនុស្សចាស់ ជីវិតសហគមន៍ ការអប់រំ និងភាពស៊ីជម្រៅខាងវិញ្ញាណ។

ថ្លែងអំពីសារៈសំខាន់នៃបូជនីយចរនេះ លោកបានមានប្រសាសន៍ថា៖ «ជំនួបរបស់យើងគឺជា​បូជនីយចរនៃ​ឆ្នាំ​មហាករុណាទិគុណ ដែលយើងអរព្រះគុណព្រះជាម្ចាស់ចំពោះជំនឿ និងវប្បធម៌របស់យើង។ យើងប្តេជ្ញាធ្វើជាអំបិល ជាមេដំបែ និងជាពន្លឺ ជាភ្នាក់ងារនៃការផ្លាស់ប្តូរ ដែលជួយបង្កើតពិភពលោកដែលមនុស្សគ្រប់រូបមានទីកន្លែង»។

លោកអភិបាល​រូបនេះ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ភូមិភាគប៉េណាំង រដ្ឋាភិបាល រដ្ឋ និងសហព័ន្ធនៃប្រទេសម៉ាឡេស៊ី ព្រមទាំងអ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះអាចកើតឡើងបាន។

កាឌីណាល់ លូវីស អន់តូនីញ៉ូ តាគ្លេ (Luis Antonio Tagle) បានបើកសម្ពោធ បូជនីយចរឆ្ពោះទៅក្តីសង្ឃឹម​ដ៏អស្ចារ្យ ដោយការអុជទៀន។

បូជនីយចរឆ្ពោះទៅក្តីសង្ឃឹម នឹងបន្តទៅមុខទៀតក្នុងរយៈពេលបីថ្ងៃបន្ទាប់ ដោយមានការអធិស្ឋាន ការផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលា និងការពិភាក្សាអំពីការថែរក្សាព្រះសហគមន៍​ ដែលមានគោលបំណងពង្រឹងកិច្ចការ​បម្រើ​​របស់ព្រះសហគមន៍នៅទូទាំងទ្វីបអាស៊ី៕

 

Daily Program

Livesteam thumbnail