អ្នករស់នៅអគារអង្គរមានជ័យ ឯកភាពទទួលយកដំណោះស្រាយព្រមចាកចេញហើយ
នៅទីបំផុតអ្នករស់នៅអគារចំណាស់មានអាយុកាលប្រមាណ ៧០ឆ្នាំ ជិតអគារ វីង ថៅវ័រ របស់លោកសេដ្ឋី គិត ម៉េង បានយល់ព្រមចេញចាកហើយក្រោមការសម្របសម្រួលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
អគារអង្គរមានជ័យមានសភាពចាស់ជរាទ្រុឌទ្រោមគួរឱ្យភ័យខ្លាចដោយមានស្នាមប្រេះស្រាំសំណង់ឃើញដែកច្រេសចាប់មិនជាប់ជាមួយបេតុង ហើយជាក់ស្តែងមនុស្សកំពុងរស់ក្នុងអគារនេះជាច្រើនគ្រួសារ។
នៅថ្ងៃទី១៩ ខែកញ្ញានេះ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានឲ្យដឹងថា ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ ដោយពួកគាត់បានឯកភាព ទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យ ដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ។
អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម ប៊ីអេស នៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល ៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ដោយយថាហេតុ។
ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបរដ្ឋបារាជធានីភ្នំពេញ ជួបជាមួយប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះម្តងហើយម្តងទៀតអស់ជាច្រើនឆ្នាំរកដំណោះស្រាយ ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ៕