អ្នកផ្ទុកមេរោគអេដស៍ជាង ៩២% បានដឹងពីស្ថានភាពខ្លួន និងទទួលការព្យាបាល ១០០%
លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញរបាយការណ៍បច្ចុប្បន្នភាពស្ដីពីអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាសម្រាប់ឆ្នាំ២០២៤ ដែលបង្ហាញពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការសម្រេចបាននូវគោលដៅបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ។
លោកមរដ្ឋមន្ត្រីបានមានប្រសាសន៍លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នារសៀលថ្ងៃទី២៨ វិច្ឆិកានេះនេះថា៖
«របាយការណ៍ឆ្នាំ២០២៤៖ នៅកម្ពុជា អ្នកផ្ទុកមេរោគអេដស៍ទាំង ៧៦.០០០នាក់, មាន៧០.៦៥៤ នាក់ ធ្វើតេស្តបញ្ជាក់ថាមានផ្ទុកមេរោគអេដស៍ស្មើនឹង ៩២% និងអ្នកទាំងនោះបានទទួលសេវាព្យាបាលថែទាំស្មើនឹង ១០០%»។
កម្ពុជាបានបោះជំហានយ៉ាងខ្លាំងក្លាឆ្ពោះទៅរកគោលដៅ ៩៥-៩៥-៩៥ របស់អង្គការសហប្រជាជាតិ ដោយ៖
* ៩២% នៃអ្នកផ្ទុកមេរោគអេដស៍សរុប (៧៦.០០០ នាក់) បានដឹងពីស្ថានភាពរបស់ខ្លួន។
* ១០០% នៃអ្នកដែលបានដឹងថាមានផ្ទុកមេរោគអេដស៍ កំពុងទទួលបានសេវាព្យាបាលថែទាំ។
ការសម្រេចបាននូវអត្រា ១០០% នៃការទទួលបានសេវាព្យាបាលថែទាំនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការធានាថា អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ARV) ទាន់ពេលវេលា និងជាប្រចាំ។
ការផ្សព្វផ្សាយព័ត៌មានពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺដើម្បីជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានសុខភាពសាធារណៈ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ជាពិសេសក្រុមមនុស្សអាទិភាព ទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីដឹងពីស្ថានភាពរបស់ខ្លួន និងទទួលការព្យាបាលបានទាន់ពេលវេលា និងឥតគិតថ្លៃ៕