អ្នកការទូតជើងចាស់របស់វ៉ាទីកង់ទទួលមរណៈភាពនៅអាយុ ៩១ ឆ្នាំ
លោកកាឌីណាល់ រ៉ាហ្វាអែល ម៉ាទីណូ ( Raffaele Martino) អ្នកការទូតជើងចាស់របស់បុរីវ៉ាទីកង់មួយរូបបានបាត់បង់ជីវិតនៅអាយុប ៩១ ឆ្នាំ។
លោក រ៉ាហ្វាអែល ម៉ាទីណូ ត្រូវបានគេដឹងថា ជាអ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កអស់រយៈពេល១១ឆ្នាំហើយក្រោយមកបានដឹកនាំក្រុមប្រឹក្សា អប់រំជំនឿសម្រាប់ជនចំណាកស្រុក ក៏ដូចជាក្រុមប្រឹក្សា សម្រាប់យុត្តិធម៌និងសន្តិភាព។
លោកកាឌីណាល់ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៨ ខែតុលានៅទីក្រុងរ៉ូម នៅក្នុង អាយុ ៩១ ឆ្នាំ។
លោកកាឌីណាល់កើតនៅទីក្រុង សាឡេណូ (Salerno) ប្រទេសអ៊ីតាលីនៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ១៩៣២ ហើយត្រូវបានតែងតាំងជាបូជាចារ្យនៅថ្ងៃទី ២០ ខែមិថុនាឆ្នាំ ១៩៥៧ ហើយបានទទួលសញ្ញាប័ត្រច្បាប់ ព្រះសហគមន៍ ។
លោកកាឌីណាល់ បានចូលបម្រើការជាអ្នកការទូតនៃសន្តអសនៈ ក្នុងឆ្នាំ ១៩៦២ នៅក្នុងដំណែងជាឯកអគ្គរាជទូតប្រចាំប្រទេសនីការ៉ាហ្គ័រ ហ្វីលីពីន លីបង់ កាណាដា និងប្រេស៊ីល។ នៅចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ លោកជាអ្នកដឹកនាំកិច្ចការទំនាក់ទំនងអន្តរជាតិផ្នែកសម្រាប់អង្គការអន្តរជាតិនៅក្នុងក្រសួងការបរទេស។ នៅឆ្នាំ ១៩៨៦ លោកត្រូវបានតែងតាំងជាអ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃ សន្តអសនៈ ប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
ពិធីបុណ្យសពរបស់លោកកាឌីណាល់នឹងធ្វើឡើងនៅថ្ងៃពុធ ទី៣០ ខែតុលា វេលាម៉ោង៣រសៀល នៅទីលាន សន្តសិលា ក្រោមវត្តមាននៃសម្តេចប៉ាបហ្រ្វង់ស៊ីស្កូផងដែរ
មកដល់ពេលនេះ បុរីវ៉ាទីកង់មានកាឌីណាល់សរុប ២៣៣ រូប នៅក្នុងនោះ ១២១ រូប ជាអ្នកដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសសម្តេចប៉ាប និង ១១២ រូប មិនមានសិទ្ធិបោះឆ្នោតទេ៕