អ៊ុយក្រែនប្រថុយវាយប្រហារថ្មីជ្រៅទៅក្នុងតំបន់គូស្ក៍របស់រុស្ស៊ី

កាលពីថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ អ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារថ្មីនៅក្នុង​តំប​ន់​​គូស្ក៍របស់រុស្ស៊ី។ ទីក្រុងគៀវហាក់បីដូចជាបានសម្រេចចិត្តចេញទៅដណ្តើមយកមួយផ្នែកទៀតនៃទឹកដីរុស្ស៊ីនៅតំបន់ព្រំដែន​ជាប់ខេត្តស៊ូមីរបស់អ៊ុយក្រែន។ លោកហ៊ូសេអ៊ីន អាលីយ៉េវ អ្នកឯកទេសនៃ​សង្រ្គាម​អ៊ុយក្រែន​​នៅ​​សកល​វិទ្យាហ្គ្លាហ្គូវ ប្រទេសស្កុតឡែនដ៍ បានធ្វើការកត់សម្គាល់ថា ៖ “វា​មិន​អាចទៅរួចទេ​ដែល​និយាយ​នៅពេលនេះថា អ៊ុយក្រែនចល័តកម្លាំងប៉ុន្មាននាក់សម្រាប់​ការ​វាយប្រហារនេះ ដោយ​សារ​តែមិនមានប្រព័ន្ធទំនាក់ទំនងផ្លូវការពីទីក្រុងគៀវ។”

អាជ្ញាធរអ៊ុយក្រែន​សប្បាយចិត្តនឹងបញ្ជាក់ថា ពួកគេបានទទួលព័ត៌មានល្អពីតំបន់គូស្ក៍ និងថា រុស្ស៊ីបានទទួល​នូវអ្វីដែលពួកគេសមនឹងទទួល។ ភាគច្រើននៃសេចក្តីលំអិតអំពីប្រតិបត្តិការមានប្រភពពីប្លុកព័ត៌មានយោធា គឺក្រុមអ្នក​អធិប្បាយ​យោធារុស្ស៊ីដែលសកម្មខ្លាំងនៅលើបណ្តាញសង្គម។ បើតាមពួកគេ ការវាយប្រហារ​បាន​ដាក់សំពាធខ្លាំងមកលើទីតាំងការពាររបស់រុស្ស៊ី។ ពួកគេ​បានបង្ហាញអំពីវត្តមានរថក្រោះ រថពាសដែក កាំភ្លើងធំផ្លោង ក៏ដូចជាប្រព័ន្ធសង្រ្គាមអេឡិចត្រូនិកដើម្បីប្រយុទ្ធប្រឆាំង​នឹងដ្រូន​របស់​​ទាហានរុស្ស៊ី។

នៅពេលនេះ វាមានការលំបាកនឹងដឹងនូវអ្វីដែលកើតមានឡើងពិតប្រាកដ។  លោកវីល ឃីងស្តុន ខក ដែលជាអ្នកឯកទេសអំពីរុស្ស៊ី​នៅក្រុមអន្តរជាតិសម្រាប់ការសិក្សាសន្តិសុខ វ៉េរូណា បានធ្វើការលំអិតថា ៖ “អ្វីដែលគេអាចនិយាយគឺថា កងកម្លាំងអ៊ុយក្រែនបានរុលទៅ​មុខ​​ចេញពីទិសដៅ​ជាច្រើន និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង បូលចូ សូលដាតស្កូ។ ទីក្រុង​នេះ ស្ថិត​នៅហួសពីតំបន់ដែលអ៊ុយក្រែនបានទទួលជោគជ័យដណ្តើមយកបន្ទាប់ពីការវាយ​ប្រហារ​​ចូលទឹកដីរុស្ស៊ីកាលពីខែសីហា ឆ្នាំ២០២៤។

ប៉ុន្តែរឿងមួយដែលច្បាស់គឺថា ការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងដែនដីរុស្ស៊ី គឺធ្វើឲ្យទាំង​អស់​គ្នា​ភ្ញាក់ផ្អើល។ ចាប់ផ្តើមពីទីក្រុងមូស្គូ អាជ្ញាធររុស្ស៊ីមិនរំពឹងថា អ៊ុយក្រែនចេញមកប្រយុទ្ធ​នៅក្នុងតំបន់​ដែលពួកគេមានការលំបាក់នឹងការពារទីតាំង​ដែលដណ្តើមកាលពីឆ្នាំ២០២៤។   

ការវាយប្រហាររបស់អ៊ុយក្រែនកាលពីខែសីហា ឆ្នាំ២០២៤ នៅលើទឹកដីរុស្ស៊ី បានបន្សល់​ទុក​នូវការចងចាំអំពីការប្រថុយប្រថាន ដែលមិនបានឈានទៅសម្រេច​បានគ្រប់​គោលដៅ។ គោលដៅ​មួយក្នុងចំណោមគោលដៅសំខាន់ៗ នៃប្រតិបត្តិការនេះ គឺទាញ​រុស្ស៊ី​ឲ្យ​យក​ទាហាន​សកម្ម​របស់ខ្លួនចេញពីតំបន់ដុនបាសមកការពារគូស្ក៍ និងដើម្បីឲ្យអ៊ុយក្រែនងាយ​ការពារ​ខ្លួន​នៅ​តំ​បន់ដុនបាសវិញ។  លោកវីល ឃីងស្តុន ខក បញ្ជាក់ថា ៖ “នេះមិនមែន​ជា​អ្វី​ដែល​កើត​មាន​ឡើងទេ។ ប្រទេសរុស្ស៊ី​បានទុកចិត្តលើការពង្រឹងកម្លាំងពីកូរ៉េខាងជើង និង​អ្នក​ជំនាញ​ការ​ឆេតឆិន​ដើម្បីវាយរុញច្រាន​អ៊ុយក្រែនវិញ។”

អីចឹង ហេតុដូចម្តេចបានវាយប្រហារលើកនេះទៀត? ជាដំបូង លោកវីល ឃីងស្តុន ខក អះអាងថា ៖ “នេះគឺល្អសម្រាប់ការលើកទឹកចិត្តកងទ័ព និងសាធារណមតិជាតិដោយការចាប់​ផ្តើម​ឆ្នាំថ្មីដោយការវាយប្រហារដែលយ៉ាងហោចណាស់សម្រាប់ពេលនេះ បានទទួល​ជោគជ័យ​​ខ្លះៗ។  នេះជាសម្លេងស្វាគមន៍ឆ្នាំថ្មី សម្រាប់ប្រជាជនជាជាងទម្លាប់មួយរយៈ​ចុង​ក្រោយ​នេះ​ដែលរស់នៅឮតែពីសត្រូវរុស្ស៊ី​ដែលកកេរដីតំបន់ដុនបាស។

ហើយសញ្ញាដែលបញ្ជូនចេញដោយទីក្រុងគៀវ មិនសំដៅតែមកលើប្រជាជនខ្លួនទេ។ លោក​ហ៊ូសេអ៊ីន អាលីយ៉េវ ពន្យល់ថា ៖ “អ៊ុយក្រែនទើបតែទទួលការផ្គត់ផ្គង់ចុងក្រោយ​នូវ​យុទ្ធោបករណ៍​ដែលអនុញ្ញាតដោយ​លោកចូ​ បាយឌិន មុននឹងការប្រែប្រួលនៅ​សហរដ្ឋ​អាម៉េរិក។ នេះគឺជារបៀប​ដែលបង្ហាញឲ្យឃើញច្បាស់ថា ការគាំទ្រសព្វាវុធនឹងផ្តល់ឥទ្ធិពល​ពិត​​​ប្រាកដនៅលើសមរភូមិ”។

 

 

Daily Program

Livesteam thumbnail