អ៊ុយក្រែនត្រូវសម្រេចចិត្តវាយប្រហារភ្លាមៗឆ្លើយតបនឹងរុស្ស៊ី​នៅក្នុងសង្រ្គាម​ថាមពល

កាលពីចុងខែកញ្ញា ទាហានអ៊ុយក្រែនបានថ្លែងថា មជ្ឈមណ្ឌលមណ្ឌប្រេងរុស្ស៊ីពីរកន្លែងទៀត ដែលស្ថិតនៅក្នុងតំបន់ប៊ីយ៉ាន់ស្ក៍ និងសាម៉ារ៉ា ត្រូវទទួលការទម្លាក់គ្រាប់នៅពេលរាត្រី។ នេះ គឺ​ជាឧទាហរណ៍ចុងក្រោយពីរ នៃការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងហេដ្ឋារចនា​សម្ព័ន្ធ ប្រេង និងឧស្ម័នរុស្ស៊ី ដែលសំដៅធ្វើឲ្យវិបប្លាសដល់ចង្វាក់ផ្គត់ផ្គង់ និងធ្វើឲ្យតម្លៃប្រេងនៅ​ទីផ្សារ​ខាងក្នុងប្រទេសរុស្ស៊ីហក់ឡើង។

ឈានចូលដល់ឆ្នាំទី៤ នៃសង្រ្គាម ក៏មានរូបភាពអំពីការភ័យខ្លាចរបស់អ៊ុយក្រែនចំពោះ​ចង្វាក់​នៃការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធឧស្ម័ន និងអគ្គីសនីរបស់ខ្លួន ដូច្នេះទីក្រុងគៀវក៏សម្រេច​ចិត្ត វាយប្រហារឆ្លើយតបភ្លាមៗលើថាមពលទីក្រុងមូស្គូ នៅពេលខ្លួនរងការវាយប្រហារ។

លោកហ៊ូសេអ៊ីន អាលីយ៉េវ អ្នកឯកទេសនៃសង្រ្គាមនៅអ៊ុយក្រែននៅសកលវិទ្យាល័យ ហ្គ្លាហ្គូវ ប្រទេសស្កុតឡេនដ៍ បានធ្វើការកត់សម្គាល់ថា ៖ “ការវាយប្រហាររបស់អ៊ុយក្រែន​ដែលសំដៅរចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី បានមានវិសាលភាពរីកធំឡើងចាប់តាំងពីដើមរដូវ​ក្តៅ​​ឆ្នាំនេះ។ នេះគឺជាការឆ្លើយតបនឹងការវាយប្រហារដ៏សម្បើមរបស់រុស្ស៊ី​មកលើទីក្រុង​អ៊ុយក្រែន​ផង និង​ជាយុទ្ធសាស្រ្តដើម្បីបំផ្លាញផលិតកម្ម​ប្រេងរុស្ស៊ីផង គឺដើម្បីបង្ខំឲ្យទីក្រុងមូស្គូចូលមក​ធ្វើ​ការ​​ចរចា​​សន្តិភាព”។

សប្តាហ៍មុន គឺជាសប្តាហ៍ដែលមានភាពធំធេងដាច់ដោយឡែកនៅលើសមរភូមិនៃសង្រ្គាម ថាមពល។ តាំងពីពាក់កណ្តាលខែមុន ទីក្រុងគៀវបានដឹកនាំការវាយប្រហារចំនួនពីរផ្សេងៗ​គ្នា គឺទីមួយប្រឆាំង​នឹងរោងចក្រចម្រាញ់ប្រេង និងវាយប្រហារកំទេចរោងចក្រគីមីប្រេង ហ្គាសព្រម ណេហ្វតេឃីម សាឡាវ៉ា នៅទីក្រុងបាចគ័រតូស្តាននៅភាគកណ្តាលប្រទេសរុស្សី ហើយទីពីរ ប្រឆាំងនឹងរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយនៃប្រទេស នៅទីក្រុងវ៉ុលហ្គូហ្គ្រាដ នៅភាគ​ខាងត្បូងនៃប្រទេស។ នៅក្នុងករណីទាំងពីរ អាជ្ញាធររុស្ស៊ីបានប្រាប់សម្រាលការ​ខូចខាត​​ដែលបង្កឡើងដោយការវាយប្រហារ ប៉ុន្តែទំហំនៃការខូចខាតពិតប្រាកដ មិនអាចត្រូវ​បាន​​ផ្ទៀងផ្ទាត់ ដោយប្រភពឯករាជ្យទេ។

យោងតាមប្រភពនៃសេវាកម្មសម្ងាត់រដ្ឋអ៊ុយក្រែនដែលលើកឡើងដោយសារព័ត៌មាន គៀវ អ៊ីនដេផេនឌិន Kyiv Independent បានឲ្យដឹងថា ដ្រូនអ៊ុយក្រែន រយៈចម្ងាយឆ្ងាយ ក៏បានបង្ក ការខូចខាតលើស្ថានីយ៍បូមប្រេងជាច្រើន​ដែលសំដៅការនាំចេញតាមរយៈកំពង់ផែ ណូវ៉ូរ៉ូស៊ីអ៊ី នៅភាគខាងត្បូងប្រទេសរុស្ស៊ី។

លើសពីនេះ អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន ក៏បានអះអាងអំពីការវាយប្រហារប្រឆាំង​នឹង​រោងចក្រចម្រាញ់ប្រេង​នៅក្នុងខេត្តរបស់រុស្ស៊ី សារ៉ាតូវ និងសាម៉ារ៉ា។ យោងតាមទីក្រុងគៀវ ទាំងនេះសុទ្ធសឹងជារោងចក្ររុស្ស៊ីដែលមានទំនាក់ទំនងផ្ទាល់នឹងការខិតខំខាងសង្រ្គាមរបស់​រុស្ស៊ីនៅអ៊ុយក្រែន។

នៅក្នុងការផ្សព្វផ្សាយនៅលើបណ្តាញហ្វេសប៊ុក អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន ក៏បាន សរសរដែរថា ៖ ”កងកម្លាំងការពារជាតិអ៊ុយក្រែនបានដាក់ឲ្យដំណើរការជាប្រព័ន្ធនូវវិធានការ ដែលសំដៅកាត់បន្ថយសក្តានុពលសេដ្ឋកិច្ចយោធារបស់រដ្ឋឈ្លានពាន។ វាមានជាពិសេស​ការ បំផ្លាញមូលដ្ឋាន​គ្រឹះនៃសមត្ថភាពដឹកជញ្ជូនរបស់សហព័ន្ធរុស្ស៊ី​នៅក្នុងវិស័យប្រេង និងធ្វើឲ្យ វិបប្លាសដល់ប្រព័ន្ធផ្គត់ផ្គង់ឥន្ធនៈ និងប្រេងនៃកងទ័ពនៃសហព័ន្ធរុស្ស៊ី”។

ចំណែកលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ធ្លាប់បានថ្លែងថា ៖ “ទណ្ឌកម្ម​ដែល​មាន​ប្រសិទ្ធភាពបំផុត គឺទណ្ឌកម្ម​ដែលធ្វើឲ្យលឿន គឺភ្លើងដែលនឹងបំផ្លាញរោងចក្រ​ចម្រាញ់​ប្រេង បំពង់បង្ហូរប្រេង និងឃ្លាំងប្រេង របស់រុស្ស៊ី”។

 

Daily Program

Livesteam thumbnail