អ៊ីស្រាអែលនឹងរក្សាកងទ័ពនៅព្រំដែនហ្គាហ្សា-អេហ្ស៊ីប
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) និយាយថា កងកម្លាំងយោធាអ៊ីស្រាអែលនឹងបន្តរក្សាវត្តមាននៅជាប់ព្រំដែនរវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប។
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយយ៉ាងច្បាស់ថា លោកនឹងមិនដកកងកម្លាំងយោធាចេញពីព្រំដែនហ្គាហ្សានិងអេស៊ីបឡើយ។
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបដិសេធថា លោកមិនបានយល់ព្រមដកកងកម្លាំងយោធាចេញពីព្រំដែនជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចកើតមានជាមួយក្រុមហាម៉ាស។ លោកបានពណ៌នារបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថាមិនត្រឹមត្រូវ ហើយបានគូសបញ្ជាក់ថាអ៊ីស្រាអែលមិនបានយល់ព្រមបោះបង់ការគ្រប់គ្រងលើតំបន់នោះទេ។
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏បានពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន ដើម្បីពិភាក្សាអំពីការជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែមិនមានព័ត៌មានលម្អិតនៃការសន្ទនាត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។
នៅកន្លែងផ្សេងទៀត រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យូអាវ ហ្គាឡេន ( Yoav Gallant) បានអះអាងថា កងពលរ៉ាហ្វាស ( Rafah )របស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ត្រូវបានបរាជ័យ ហើយបង្ហាញថា យោធាកំពុងបង្វែរការផ្តោតអារម្មណ៍របស់ខ្លួន ទៅលើការប្រយុទ្ធជាមួយក្រុមហេសបូឡា នៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់។
កាលពីព្រឹកថ្ងៃពុធ ក្រុមហេសបូឡាហ៍បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅតំបន់ ហ្គោឡេន ហាយ ( Golan Heights) ដែលបានកាន់កាប់បន្ទាប់ពីយន្តហោះអ៊ីស្រាអែលបានវាយប្រហារនៅក្នុងប្រទេសលីបង់។ អាជ្ញាធរលីបង់បាននិយាយថា មនុស្សម្នាក់បានស្លាប់ និង ៣០ នាក់ផ្សេងទៀតរងរបួស។