អឺរ៉ុប និងប្រទេសអាស៊ីមួយចំនួនបានកត់ត្រាការនាំចូលអាវុធកើនឡើងយ៉ាងខ្លាំង
អឺរ៉ុប និងប្រទេសអាស៊ីមួយចំនួនបានកត់ត្រាការនាំចូលអាវុធកើនឡើងយ៉ាងខ្លាំង
ឯកសារមួយរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ នៅក្នុងទីក្រុងស្តុកហូមបានឱ្យដឹងថា ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងទូទាំងពិភពលោក ការនាំចូលអាវុធរបស់អឺរ៉ុបបានកើនឡើងជិតពីរដងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហើយការនាំចេញរបស់សហរដ្ឋអាមេរិក និងបារាំងបានកើនឡើងយ៉ាងខ្លាំង។
ប្រភពដដែលបានអះអាងថា ការនាំចូលអាវុធសំខាន់ៗបានកើនឡើងយ៉ាងខ្លាំងនៅក្នុងបណ្តាប្រទេសអឺរ៉ុប និងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី និងអូសេអានី។
វិទ្យាស្ថានអន្តរជាតិឯករាជ្យដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែតនេះបាន ផ្តល់នូវទិដ្ឋភាពទូទៅនៃការអភិវឌ្ឍន៍ក្នុងសន្តិសុខអន្តរជាតិ អាវុធ និងបច្ចេកវិទ្យា ការចំណាយយោធា ការផលិតអាវុធ និងពាណិជ្ជកម្មអាវុធ ជម្លោះប្រដាប់អាវុធ និងការគ្រប់គ្រងជម្លោះ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងអាវុធនុយក្លេអ៊ែរ គីមី និងជីវសាស្រ្ត។
យោងតាមការរកឃើញចុងក្រោយបានកត់ត្រាថា អឺរ៉ុបបាននាំចូលអាវុធស្ទើរតែទ្វេដងនៃការនាំចូលអាវុធសំខាន់ៗរបស់ខ្លួន ដោយ អ៊ុយក្រែនបានក្លាយជាប្រទេសនាំចូលអាវុធធំជាងគេនៅអឺរ៉ុបពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
ក្រៅពីអឺរ៉ុបអាស៊ីនិងអូសេអានីក៏មានប្រទេសនាំចូលអាវុធកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ហើយរដ្ឋដែលនាំចូលច្រើនជាងគេនោះគឺជប៉ុន និងកូរ៉េខាងត្បូង ដែលឆ្លុះបញ្ចាំងពីភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់នោះ។
ការនាំចូលអាវុធក្នុងប្រទេសជប៉ុនបានកើនឡើង ១៥៥ ភាគរយ និងកូរ៉េខាងត្បូង ៦,៥ ភាគរយ។
ក្នុងរយៈពេលដូចគ្នានេះ សហរដ្ឋអាមេរិកបានបង្កើនតួនាទីជាសាកលរបស់ខ្លួនជាអ្នកផ្គត់ផ្គង់អាវុធ ដោយបាននាំចេញអាវុធទៅកាន់ប្រទេសកាន់តែច្រើនជាងអ្វីដែលខ្លួនធ្លាប់បានធ្វើនាពេលកន្លងមក។
ការនាំចេញអាវុធបានកើនឡើង១៧ភាគរយនៅចន្លោះឆ្នាំ ២០១៤ ដល់ឆ្នាំ២០២៣ ហើយចំណែកនៃការនាំចេញអាវុធសរុបទូទាំងពិភពលោកបានកើនឡើងពី៣៤ ភាគរយទៅ ៤២ ភាគរយ។ ប្រហែល ៥៥ ភាគរយនៃការនាំចូលអាវុធដោយរដ្ឋអឺរ៉ុបក្នុងអំឡុងពេលនេះគឺ ត្រូវបានផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ជាពិសេសគឺពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣៕