អាយុគ្រាន់តែជាតួលេខ! សំខាន់ជំនឿនៅតែរឹងមាំ ហើយបន្តចែករំលែកទោះមានវ័យ ៧៤ឆ្នាំ
ក្នុងវ័យ ៧៤ឆ្នាំ គ្រូអប់រំជំនឿជនជាតិបង់ក្លាដែសមួយរូប នៅតែបន្តបេសកកម្មប្រកាសដំណឹងល្អ និងចែករំលែកនូវសក្ខីកម្មនៃជំនឿលើព្រះគ្រិស្ត ខណៈដែលលោកបានបំពេញការងារនេះអស់រយៈពេល ១២ឆ្នាំមកហើយ។
ក្នុងវ័យ ៧៤ឆ្នាំនេះ លោក ចូសេប ដាស (Joseph Das) បានបន្តចំណាយពេលភាគច្រើនរបស់លោកធ្វើដំណើរពីភូមិមួយទៅភូមិមួយ ដើម្បីសួរសុខទុក្ខគ្រួសារកាតូលិក ដឹកនាំការអធិស្ឋាន អប់រំជំនឿ និងចែករំលែកដំណឹងល្អ។ នេះគឺជាកិច្ចការដែលលោកបានបំពេញ និងខិតខំធ្វើដោយសេចក្តីស្រឡាញ់អស់រយៈពេល ១២ឆ្នាំកន្លងមកហើយ ហើយមកដល់ពេលនេះ លោកនៅតែបន្តបម្រើការជាគ្រូអប់រំជំនឿនៅក្នុងព្រះសហគមន៍កាតូលិក ចេសរ (Jessore) ក្នុងភូមិភាគ ខុលណា (Khulna) នៃប្រទេសបង់ក្លាដែសដដែល។
ក្នុងនាមជាឪពុករបស់កូនពីរនាក់ លោក ដាស ពីមុនធ្លាប់បានធ្វើការងារអស់រយៈពេលជាងបីទសវត្សរ៍ជាបុគ្គលិកពេទ្យសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ និងអង្គការមិនមែនរដ្ឋាភិបាល។ បន្ទាប់ពីចូលនិវត្តន៍ លោកបានទទួលយកមុខរបរថ្មីមួយ ដោយឧទ្ទិសខ្លួនដើម្បីគាំទ្រព្រះសហគមន៍កាតូលិកនៅកម្រិតមូលដ្ឋាន។ លោក ដាស បានប្រាប់សារព័ត៌មាន RVA News ថា ការទទួលខុសត្រូវចម្បងរបស់លោកនៅពេលនេះ គឺជួយលោកបូជាចារ្យក្នុងព្រះសហគមន៍កាតូលិក និងបន្តការងារជាគ្រូអប់រំជំនឿ។
លោកបានអះអាងថា លោកបានធ្វើការងារនេះដោយក្តីស្រឡាញ់ និងបានបង្រៀនជំនឿដល់មនុស្សគ្រប់វ័យ ចាប់ពីកុមាររហូតដល់មនុស្សពេញវ័យ។ សព្វថ្ងៃនេះ លោកគឺជាគ្រូអប់រំជំនឿម្នាក់ក្នុងចំណោមគ្រូអប់រំជំនឿចំនួន ៤៧នាក់ ដែលបម្រើការនៅទូទាំងភូមិភាគ ដែលលោក និងគ្រូអប់រំជំនឿទាំងអស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងជីវិតព្រះសហគមន៍កាតូលិក ជាពិសេសនៅក្នុងសហគមន៍ដាច់ស្រយាល តាមរយៈការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមគ្រួសារ និងអមដំណើរអ្នកភូមិក្នុងការតស៊ូប្រចាំថ្ងៃរបស់ពួកគេ។
