អ.ស.ប និយាយថា ផែនការតាំងទីលំនៅរបស់អ៊ីស្រាអែល រំលោភច្បាប់អន្តរជាតិ

អង្គការសហប្រជាជាតិ ដែលហៅកាត់ថា អ.ស.ប បាន ថ្កោលទោសផែនការរបស់អ៊ីស្រាអែលក្នុងការបង្កើនការតាំងទីលំនៅនៅតំបន់ វេសបេង (West Bank) ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា ផែនការរបស់អ៊ីស្រាអែលដើម្បីបង្កើតការតាំងទីលំនៅថ្មីនៅតំបន់ ដែលកាន់កាប់នោះបំពានច្បាប់អន្តរជាតិ ហើយនឹងធ្វើឱ្យខូចដល់ការរំពឹងទុកសម្រាប់ដំណោះស្រាយរដ្ឋពីរ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក បេហ្សាឡេល ស្មូតរីស (Bezalel Smotrich) បានបង្ហាញផែនការកាលពីថ្ងៃព្រហស្បតិ៍ ដោយ បែងចែកតំបន់ វេសបេង និងញែកក្រុងយេរូសាឡឹមខាងកើតចេញពីតំបន់ប៉ាឡេស្ទីនផ្សេងទៀត។
ពាក់ព័ន្ធនឹងផែនការនេះអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូហ្សារិក (Stephane Dujarric) បាននិយាយថា បើអ៊ីស្រាអែលធ្វើបែបនោះវានឹងបញ្ចប់ការរំពឹងទុកសម្រាប់ដំណោះស្រាយរដ្ឋពីរ។លោកបាននិយាយថា ការតាំងទីលំនៅនេះបំពានច្បាប់អន្តរជាតិ និងរឹតបន្តឹងការកាន់កាប់របស់អ៊ីស្រាអែល។
ក្រៅពីអ.ស.ប ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបក៏បានរិះគន់ផែនការនេះផងដែរ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដេវីដ ឡាមមី (David Lammy )បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចក្រភពអង់គ្លេសប្រឆាំងយ៉ាងខ្លាំងចំពោះផែនការដោះស្រាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដែលនឹងបែងចែករដ្ឋប៉ាឡេស្ទីននាពេលអនាគតជាពីរ ហើយបង្កើតជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ៕
Daily Program
