អភិបាលព្រះសហគមន៍កូរ៉េខាងត្បូង៖ ច្បាប់អាជ្ញាសឹកជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ
ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅប្រទេសកូរ៉េខាងត្បូងបានរិះគន់ការប្រកាសច្បាប់អាជ្ញាសឹកនាពេលថ្មីៗនេះដោយលោក ប្រធានាធិបតី យូន ស៊ូក យល ហើយបាន ជំរុញឱ្យលោកទទួលខុសត្រូវចំពោះអ្វីដែលក្រុមលោកអភិបាលបានពិពណ៌នាថាជាការសម្រេចចិត្ត «មិនស្របច្បាប់»។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញកាលពីចុងសប្តាហ៍កន្លងទៅក្រុមលោកអភិបាលព្រះសហគមន៍័កាតូលិកកូរ៉េបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារលទ្ធិប្រជាធិបតេយ្យ ហើយបានអំពាវនាវឱ្យមានការពន្យល់ និងសុំទោសពីប្រធានាធិបតី ចំពោះការប្រកាសច្បាប់អាជ្ញាសឹកនេះ។
សេចក្តីថ្លែងការណ៍បានសរសេរថា "ការដាក់ប្រទេសក្នុងភាពអាសន្នកាលពីយប់ថ្ងៃអង្គារ៍ បានធ្វើឱ្យប្រជាជនកូរ៉េជាច្រើនភ្ញាក់ផ្អើល។ ច្បាប់នេះគួរតែប្រើនៅពេលដែល មានតម្រូវការបន្ទាន់ប៉ុណ្ណោះ។ រដ្ឋាភិបាល និងនីតិរដ្ឋបាលរបស់រដ្ឋគួរតែអនុវត្តដោយប្រុងប្រយ័ត្ន »។
ការប្រកាស ដែលមិនធ្លាប់មានពីមុនមកដោយលោកប្រធានាធិបតីត្រូវបានប្រកាសផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅម៉ោង ១០យប់នៅថ្ងៃទី ៣ ខែធ្នូ។ លោកបានប្រកាសច្បាប់អាជ្ញាសឹកដោយលើកឡើងពីតម្រូវការដើម្បី «លុបបំបាត់កងកម្លាំងដែលគាំទ្រកូរ៉េខាងជើង និងការពារបទបញ្ជារដ្ឋធម្មនុញ្ញតាមបែបប្រជាធិបតេយ្យ»។
ក្រុមលោកអភិបាលព្រះសហគមន៍បានលើកឡើងពីការព្រួយបារម្ភអំពីយុត្តិកម្ម និងភាពបន្ទាន់នៃការប្រកាសច្បាប់អាជ្ញាសឹក ដោយកត់សម្គាល់ពីការខ្វះខាតការគំរាមកំហែងពីខាងក្រៅ ឬក្នុងសម័យសង្គ្រាម។
ក្រុមលោកអភិបាលបានសរសេរថា ៖ «លទ្ធិប្រជាធិបតេយ្យរបស់យើងត្រូវបានកសាងឡើងដោយការលះបង់ដ៏អស្ចារ្យ។ ព្រះសហគមន៍ កាតូលិកនៅប្រទេសកូរ៉េគាំទ្រយ៉ាងសកម្ម និងឈរក្នុងសាមគ្គីភាពជាមួយប្រជាជនកូរ៉េដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់យើង»៕