អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបណ្តុះបណ្តាលជំនាញយានយន្តអគ្គិសនី (EV) និងការលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករ ត្រូវបានចុះហត្ថលេខា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានចាប់ដៃគូសហការជាផ្លូវការជាមួយក្រុមហ៊ុន Zo Motors Global ដើម្បីជម្រុញការអភិវឌ្ឍការបណ្តុះបណ្តាលជំនាញយានយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។

លោក ហេង សួ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក HE Dong ប្រធាននាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Zo Motors Global បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ នៅថ្ងៃទី១៥ ខែមិថុនា ក្នុងឱកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាពរបស់កម្មករនិយោជិតក្នុងការធ្វើដំណើរប្រចាំថ្ងៃ ជម្រុញការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនកម្មករប្រកបដោយសុវត្ថិភាព ដែលបំពាក់ដោយប្រព័ន្ធ "SafeBox" និងផ្តល់នូវជម្រើសថ្មីជំនួសឱ្យវិធីសាស្ត្រដឹកជញ្ជូនកម្មករនាពេលបច្ចុប្បន្ន។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះ ក៏គាំទ្រដល់គោលដៅបរិស្ថានតាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី (EV) និងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតង ព្រមទាំងស្វែងយល់ និងសិក្សាលើគោលនយោបាយស្តង់ដារ និងយន្តការហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ប្រព័ន្ធដឹកជញ្ជូនកម្មករប្រកបដោយសុវត្ថិភាព និងចិរភាព។

ស្របពេលជាមួយនឹងការចុះហត្ថលេខាលើ MoU នេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុន Zo Motors (Cambodia) Co., Ltd. ដើម្បីដាក់ពង្រាយរថយន្តបណ្តុះបណ្តាលជំនាញចល័តចំនួន ៨គ្រឿង។ រថយន្តចល័តទាំងនេះ គ្របដណ្តប់លើជំនាញសំខាន់ៗ រួមមាន៖ ការថែទាំប្រព័ន្ធត្រជាក់, ការតម្លើងបណ្តាញអគ្គិសនីក្នុងអគារ, ការតម្លើងបណ្តាញទឹកក្នុងផ្ទះ, ការថែទាំ និងជួសជុលរថយន្ត, ការជួសជុលម៉ាស៊ីនត្រជាក់, ជំនាញឌីជីថល, សេវាកម្មភេសជ្ជៈ (ការឆុងកាហ្វេ និងទឹកផ្លែឈើ) និងសេវាកម្មថែរក្សាសម្ផស្ស និងធ្វើសក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បន្ទាប់ពីដំណាក់កាលសាកល្បងនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ នឹងពិនិត្យលទ្ធភាពពង្រីកចំនួនរថយន្តបណ្តុះបណ្តាលជំនាញចល័តនេះ ឱ្យកើនឡើងដល់ ៤០គ្រឿង នៅត្រឹមឆ្នាំ២០២៧ និងរហូតដល់ ៥០គ្រឿង នៅត្រឹមឆ្នាំ២០២៨។

ក្រុមហ៊ុន Zo Motors គឺជាក្រុមហ៊ុនផលិត និងចែកចាយយានយន្តពាណិជ្ជកម្មថាមពលថ្មី ដែលមានប្រភពដើមមកពីប្រទេសជប៉ុន ដោយផ្តោតលើការអភិវឌ្ឍដំណោះស្រាយដឹកជញ្ជូនដែលមិនបញ្ចេញកាបូន (Zero-Emission Transport Solutions) សម្រាប់វិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ ក្រុមហ៊ុននេះ ដំឡើង និងចែកចាយយានយន្តអគ្គិសនីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍយានយន្តថាមពលស្អាត និងបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថាមពលថ្មីនេះ ក្រុមហ៊ុនមានគោលដៅកែប្រែប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនសកល និងធ្វើឱ្យការដឹកជញ្ជូនគ្មានកាបូន ក្លាយជាកម្លាំងចលករថ្មីមួយសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច។

 

Daily Program

Livesteam thumbnail