អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានដាក់ទោសឱ្យជាប់ពន្ធនាគារ ៣១ ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ពាក់ព័ន្ធនឹងករណីឃាតកម្ម, ប៉ុនប៉ងឃាតកម្ម, ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅឋាន។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញផ្សាយនាយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា កាលពី ថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើ សំណុំរឿងព្រហ្មទណ្ឌចំនួន ០៣ ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រី ស៊ីណា រួមាន សំណុំរឿងទី១. ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២. ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត និងសំណុំរឿងទី៣. ពីបទរំលោភលើលំនៅឋាន។
ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើ ជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌ នៃសំណុំរឿងទាំង៣ នេះដោយ (១) បានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈោ្មះ ស្រី ស៊ីណា អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានរៀល ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងបានបង្គាប់ឱ្យសងសំណងជម្ងឺចិត្តចំនួន ១លានដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេ ណីឈ្មោះ ម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះឈ្មោះ ឃីន កញ្ចនា ដែលបានស្លាប់ និងប ង្គាប់ឱ្យសងសំណងជម្ងឺចិត្តចំនួន ១លានដុល្លារអាមេរិកទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់។
(២). បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារកំណត់រយៈពេល ១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ៣០ម៉ឺន ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ដែលជាអ្នករងរបួស និងចំនួន ២០ម៉ឺនដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។
(៣). បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទរំលោភលើលំនៅឋាន និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ៥ម៉ឺនដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយម្ចាស់ផ្ទះ។
សូមរម្លឹកថា ករណីឃាតកម្មនេះ បានប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្នេ ផ្ទះលេខ២៦ ផ្លូវលេខP-10F - ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា ការផ្តន្ទាទោសរបស់ក្រុមប្រឹក្សាជំនុំជម្រះ លើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងទាំង០៣ ខាងលើ គឺជាការផ្តន្ទាទោសក្នុងកម្រិតអតិបរមានៃទោស៕