អតីតប្រធានាធិបតីហ្វីលីពីន កំពុងតស៊ូក្តី

លោក រ៉ូឌ្រីហ្គោ ឌូទែតេ (Rodrigo Duterte) អតីតប្រធានាធិបតីហ្វីលីពីន ដែលរងការស្តីបន្ទោសដោយមេដឹកនាំកាតូលិក ចំពោះការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការរាប់ពាន់នាក់ កំពុងតែប្រឈមមុខនឹងការតស៊ូក្តីនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោក ឌូទែតេ អាយុ ៧៩ឆ្នាំ ត្រូវបានឃាត់ខ្លួននិងបញ្ជូនដល់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេហើយកាលពីសប្តាហ៍មុន។
នៅក្នុងអំឡុងពេលនៃការអនុវត្តសង្រ្គាមប្រឆាំងគ្រឿងញៀននៅក្នុងអំឡុងលោកកាន់តំណែងជាប្រធានាធិបតី លោកត្រូវគេចោទប្រកាន់ថា បានសម្លាប់មនុស្សជាច្រើននាក់នៅក្រៅប្រព័ន្ធតុលាការ។
មកដល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនបានទទួលស្គាល់ជាផ្លូវការថា មានមនុស្សស្លាប់ត្រឹមតែ ជាង ៦ពាន់នាក់ ប៉ុន្តែព្រះរាជអាជ្ញាតុលាការយុត្តិធម៌អន្តរជាតិអះអាងថា មានរហូតដល់៣ម៉ឺននាក់។
ក្រោយការរិះគន់ លោក ឌូទែតេ បានដកហ្វីលីពីនចេញពីសន្ធិសញ្ញាដែលបង្កើតតុលាកានេះកាលពីឆ្នាំ២០១៩ដើម្បីជៀសវាងការស៊ើបអង្កេតលើសង្គ្រាមគ្រឿងញៀន ប៉ុន្តែតុលាការនេះ បានអះអាងសារជាថ្មីថា ខ្លួនរក្សាយុត្តាធិការលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅពេលដែលហ្វីលីពីននៅតែជាសមាជិក។
មកដល់ពេលនេះនៅក្នុងចំណោមសាធារណៈមតិនៅហ្វីលីពីន ខ្លះគាំទ្រការឃាត់ខ្លួនលោក ឌូទែតេ ប៉ុន្តែខ្លះបានបង្ហាញការខឹងសម្បារ ពីព្រោះតែលោកជាបុគ្គលដែលប្តេជ្ញាបោសសំអាតគ្រឿងញៀនចេញពីហ្វីលីពីន៕
Daily Program
