អង្គការ NatureLife ជំរុញអាជីវកម្មត្រីទន្លេក្នុងក្រុងភ្នំពេញ ទៅកាន់ទីតាំងផលិតកែច្នៃត្រីទន្លេ
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) កាលពីថ្មីៗនេះ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ដៃគូម្ចាស់អាជីវកម្មត្រីទន្លេក្នុងទីក្រុងភ្នំពេញចំនួន ៣រូប ទៅកាន់ទីតាំងផលិតកែច្នៃត្រីទន្លេផ្ទាល់ ដែលស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង នៃតំបន់រ៉ាមសារស្ទឹងសែន ក្នុងភូមិសាស្រ្ដឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ នេះបើយោងតាមការបញ្ជាក់ពីអង្គការ NatureLife នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ នេះ។
ម្ចាស់អាជីវកម្មទាំងនោះបានចុះអង្កេត និងសិក្សាពីដំណើការកែច្នៃត្រីទន្លេ ត្រីឆ្អើរ និងការអភិរក្សជីវៈចម្រុះផ្ទាល់ ដោយបានស្វែងយល់ពីបច្ចេកទេស និងសកម្មភាពអនុវត្ដស្របតាមគោលការណ៍អភិរក្ស និងប្រកបដោយនិរន្ដភាពរបស់សហគមន៍។ ក្រៅពីនេះ ម្ចាស់អាជីវកម្មក៏បានជួបជជែកពិភាក្សា និងចែករំលែកចំណេះដឹង និងយុទ្ធសាស្រ្ដល្អសម្រាប់ក្រុមផលិតត្រីទន្លេ ដើម្បីពង្រឹងបន្ថែមលើគុណភាព និងអនាម័យ ហើយឆ្លើយតបជាមួយតម្រូវរបស់អតិថិជន ដូចជាការវេចខ្ចប់ជាកញ្ចប់តូច ឬការបន្ថែមជម្រើសផលិតផលជាដើម។
បន្ទាប់ពីកិច្ចពិភាក្សា ម្ចាស់អាជីវកម្មបានទស្សនាព្រៃលិចទឹកក្បែរទីតាំងសហគមន៍ ដែលជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះក្នុងតំបន់បឹងទន្លេសាប និងជាគោលដៅស្នូលរបស់ត្រីទន្លេក្នុងការការពារទីជម្រកសំខាន់នេះ ដោយបានធ្វើឱ្យម្ចាស់អាជីវកម្មបានឈ្វែងយល់បន្ថែមនូវតួនាទីដ៏សំខាន់របស់ត្រីទន្លេ និងការចូលរួមរបស់ពួកគាត់ក្នុងការរួមចំណែកលើការពារធនធានធម្មជាតិ និងថែមទាំងបង្កើនមុខរបរដល់ប្រជាសហគមន៍តាមរយៈកិច្ចសហការជាមួយត្រីទន្លេផងដែរ។
ដំណើរទស្សនកិច្ចនេះបានផ្ដល់នូវចំណុចរួមដល់ភាគីដៃគូទាំងពីរ គឺសហគមន៍ផលិតត្រីទន្លេក្នុងការទទួលបានចំណេះដឹង និងតម្រូវការបន្ថែមពីទីផ្សារ ចំណែកម្ចាស់អាជីវកម្មបានយល់ដឹងច្បាស់ពីប្រភពផលិតផលរបស់ពួកគាត់ ដែលកិច្ចការនេះនឹងជួយជំរុញឱ្យការផលិតកែច្នៃត្រីទន្លេឆ្លើយតបជាមួយតម្រូវការទីផ្សារ និងបង្កើនកិច្ចសហការប្រកបដោយនិរន្ដរភាព។
អង្គការ NatureLife បានអរគុណដល់មូលនិធិ Critical Ecosystem Partnership Fund (CEPF) និង Oxfam-Fair for All សម្រាប់ថវិកាគាំទ្រគម្រោងនេះ៕


Daily Program
