អង្គការ JSC ផ្តល់កូនឈើ ១០០ ដើមដល់វិទ្យាល័យព្រះនរោត្ដមរណឫទ្ធិ ជំរុញការអភិវឌ្ឍន៍បៃតង និងកសិកម្មធម្មជាតិ

ខេត្តកំពត៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ – គម្រោងបរិស្ថាននៃអង្គការ ជេអេសស៊ី (JSC) បានបន្តបេសកកម្មលើកកម្ពស់បរិស្ថាន និងការអប់រំនៅកម្ពុជា ដោយបានផ្តល់កូនឈើចំនួន ១០០ ដើម ដល់វិទ្យាល័យព្រះនរោត្ដមរណឫទ្ធិ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។ ពិធីប្រគល់-ទទួលនេះ ក៏បានរាប់បញ្ចូលទាំងការតាមដាន និងវាយតម្លៃលើការលូតលាស់នៃកូនឈើដែលត្រូវបានដាំដុះកាលពីឆ្នាំ២០២៣ ផងដែរ។
ជាលទ្ធផលគួរឱ្យកត់សម្គាល់ ប្រមាណ ៨០% នៃកូនឈើដែលបានដាំក្នុងឆ្នាំ២០២៣ បានលូតលាស់យ៉ាងល្អប្រសើរ។ ភាពជោគជ័យនេះ គឺបានមកពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំពីសំណាក់គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថានសាលា។
បន្ថែមពីលើការផ្តល់កូនឈើ អង្គការ JSC ក៏បានផ្តល់ជូននូវគ្រាប់បន្លែចំនួន ០៨ ប្រភេទ ផ្សេងគ្នា ដើម្បីគាំទ្រដល់គម្រោងធ្វើរោងបន្លែធម្មជាតិរបស់សាលា។ ការគាំទ្រនេះ មិនត្រឹមតែជួយបង្កើនចំណេះដឹងផ្នែកកសិកម្មធម្មជាតិដល់សិស្សប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់នូវប្រភពអាហារសុវត្ថិភាពសម្រាប់សហគមន៍សាលាផងដែរ។
ក្នុងឱកាសនោះ ក្រុមការងារអង្គការ JSC ក៏បានជជែកស្វែងយល់បន្ថែមទៀតអំពីតម្រូវការចាំបាច់នានារបស់វិទ្យាល័យព្រះនរោត្ដមរណឫទ្ធិ ដើម្បីធានាបាននូវការរីកចម្រើនទៅមុខកាន់តែប្រសើរនាពេលអនាគត។ កិច្ចសហប្រតិបត្តិការរវាងអង្គការ JSC និងវិទ្យាល័យព្រះនរោត្ដមរណឫទ្ធិ គឺជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងសាលារៀនប្រកបដោយបរិស្ថានល្អ មាននិរន្តរភាព និងផ្តល់ការអប់រំប្រកបដោយគុណភាព។



Daily Program
