អគ្គអភិបាលព្រះសហគមន៍ឡូសអេនជឺឡេសរិះគន់គោលនយោបាយនិរទេសរបស់លោកត្រាំ
លោកអគ្គអភិបាល ហូសេ ហ្គោមេ (José H. Gómez) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅទីក្រុងឡូសជេនជឺឡេស បានរិះគន់កិច្ចខិតខំប្រឹងប្រែងនិរទេសមនុស្សយ៉ាងច្រើនរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
តាមរយៈទីភ្នាក់ងារព័ត៌មានកាតូលិក លោកអគ្គអភិបាល ក៏បានជំរុញឱ្យអ្នកតាក់តែងច្បាប់ស្វែងរកដំណោះស្រាយដើម្បីជួសជុលប្រព័ន្ធអន្តោប្រវេសន៍អាមេរិក។
លោកអគ្គអភិបាលបាននិយាយនៅក្នុងអត្ថបទអត្ថាធិប្បាយមួយដែលបានចេញផ្សាយនៅថ្ងៃទី ១៨ ខែវិច្ឆិកាថា គោលនយោបាយនិរទេសដែលកំពុងតែអនុវត្តគឺកំពុងបំផ្លាញជីវិតមនុស្ស និងបំបែកគ្រួសារពួកគេ។ នៅក្នុងព្រះសហគមន៍កាតូលិក និងសង្កាត់របស់យើង ឥឡូវនេះមនុស្សកំពុងរស់នៅក្នុងការភ័យខ្លាចឥតឈប់ឈរ។
នៅក្នុងអត្ថបទវិចារណកថា នោះលោកអគ្គអភិបាលបានលើកឡើងថា រដ្ឋបាលលោក ត្រាំ ថា បានអនុវត្តការនិរទេសដ៏ធ្ងន់ធ្ងរ រាប់តាំងពីការចាប់ខ្លួន ការឆ្មក់ចូលកន្លែងធ្វើការ ការកំណត់ទិដ្ឋាការពលករបរទេស និងផ្លូវច្បាប់ផ្សេងទៀត ដោយរួមទាំងការលុបចោល ឋានៈស្របច្បាប់ដែលត្រូវបានការពារជាបណ្ដោះអាសន្ន របស់ជនអន្តោប្រវេសន៍មួយចំនួនផងដែរ៕