អគ្គភូមិភាគសាន់តាហ្វេ ប្រារព្ធខួបលើកទី៨០ នៃការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរលើកដំបូង

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ព្រះសហគមន៍កាតូលិកអគ្គភូមិភាគ សាន់តាហ្វេ (Archdiocese of Santa Fe) កំពុងអំពាវនាវដល់ព្រះសហគមន៍កាតូលិកនៅទូទាំងប្រទេសឱ្យប្រារព្ធខួបលើកទី ៨០ នៃការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរលើកដំបូងដែលបានកើតឡើងនៅរដ្ឋ ញូវ ម៉ិកស៊ីកូ ( New Mexico) ក្នុងឆ្នាំ ១៩៤៥។
ប្រភពដដែលបានឲ្យដឹងថា ការបំផ្ទុះនេះ ត្រូវបានអាជ្ញាធរអាមេរិកធ្វើឡើង នៅវាលខ្សាច់ Jornada del Muerto នៅម៉ោង ៥៖២៩នាទីព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ១៩៤៥។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ១៤ ខែកក្កដា លោក ចន វេស្ទ័ត (John C. Wester) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកអគ្គភូមិភាគសាន់តាហ្វេ បានអញ្ជើញគ្រីស្តបរិស័ទនានា កុំភ្លេចព្រឹត្តិការណ៍នេះ។
ដើម្បីរំលឹកខួបនេះ ព្រះសហគមន៍គ្រោងនឹងប្រមូលផ្តុំគ្រីស្តបរិស័ទ អធិស្ឋាន និងសមាធិឯកជនរំលឹកដល់បទពិសោធអាវុធដ៏មហាប្រល័យនេះ។
លោកអគ្គអភិបាលបាននិយាយថា ចូលរួមគ្នា អធិស្ឋានសម្រាប់ការបញ្ចប់នៃសង្រ្គាមដែលញ៉ាំញីពិភពលោករបស់យើងនិងដើម្បីការពារយើងពីការគំរាមកំហែងដែលកំពុងបន្តនៃការបំផ្លិចបំផ្លាញដោយនុយក្លេអ៊ែរ៕
Daily Program
