ហ្សេឡេនស្គី និង កាឌីណាល់ ព្យែត្រូ ផារ៉ូលីន ជជែកគ្នាអំពីសន្តិភាពនិងសុខភាពសម្តេចប៉ាប

លោក វូឡូឌីមៀ ហ្សេឡេនស្គី និង លោក កាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានផ្លាស់ប្តូរការពិភាក្សាគ្នាតាមទូរស័ព្ទអំពីផែនការសន្តិភាពនិងបានអធិដ្ឋានសូមឲ្យសុខភាពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូមានស្ថានភាពប្រសើរឡើង។

លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន​បានសរសេរនៅលើបណ្តាញសង្គម X របស់លោក ថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន កាលពីថ្ងៃសុក្រទី ១៤ ខែ មីនា ឆ្នាំ២០២៥។

ក្នុងអំឡុង​ការអំពាវនាវសុំ​សន្តិភាព​ លោក​ហ្សេឡេនស្គី បានបង្ហាញពីបំណងល្អរបស់លោក និងអធិដ្ឋានសុំឲ្យសុខភាពសម្តេចប៉ាបមានស្ថានភាពប្រសើរឡើង ហើយបានសម្តែងការអរគុណចំពោះការរិះគិតរបស់ទ្រង់ និង ការគាំទ្ររបស់សន្តអាសនៈដល់​ប្រជាជនអ៊ុយក្រែន និងបានទទួលស្គាល់នូវរាល់កិច្ចខិតខំប្រឹងប្រែងរបស់សន្តអាសនៈ​ដែល​បានសម្របសម្រួលការវិលត្រឡប់របស់កុមារ "ដែលត្រូវបាននិរទេសដោយខុសច្បាប់ និងផ្លាស់ទៅដោយប្រទេសរុស្ស៊ី។

លោកបានបន្តថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពី ​សំណើ​សម្រុះសម្រួល​ដោយ​សហរដ្ឋ​អាមេរិក​សម្រាប់​បទ​ឈប់​បាញ់​រយៈ​ពេល ៣០ ថ្ងៃ​រវាង​ទីក្រុង គៀវ និង​ទីក្រុង​ម៉ូស្គូ។

លោក ហ្សេឡេនស្គី ក៏​បាន​សង្កត់​ធ្ងន់​ថា «សំឡេង​សន្តអាសនៈ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ផ្លូវ​ឆ្ពោះ​ទៅ​រក​សន្តិភាព»។

លោក​បាន​បន្ថែម​ថា យើង​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​របស់​សន្តអាសនៈសម្រាប់​ការ​ដោះលែង​ពលរដ្ឋអ៊ុយក្រែន ដោយ​គូស​បញ្ជាក់​ថា ការ​ដោះ​ដូរ​អ្នក​ទោស និង​បទ​ឈប់​បាញ់​រយៈពេល ៣០ ថ្ងៃ​នឹង​ជា “ជំហាន​ជាក់ស្តែង​ដំបូង​គេ” ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ “សន្តិភាព​ដ៏​ត្រឹមត្រូវ និង​ស្ថិតស្ថិរ”។

លោក​បាន​បញ្ជាក់​ថា “អ៊ុយក្រែន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាត់​វិធានការ​ទាំង​នេះ ​ព្រោះ​ប្រជាជន​អ៊ុយក្រែន​ប្រាថ្នា​សន្តិភាព​ជាង​អ្នក​ដទៃ”៕

Daily Program

Livesteam thumbnail