ស្វាយចន្ទីកម្ពុជា កំពុងមានវត្តមានដាក់លក់ក្នុងផ្សារ Family Mart

ល្ងាចថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកស្រីរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Mirarth Holdings Inc. និងក្រុមហ៊ុនជាដៃគូទាំងអស់ ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការកែច្នៃ និងនាំចេញស្វាយចន្ទីកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ មកកាន់ទីផ្សារជប៉ុន និងទីផ្សារគោលដៅផ្សេងទៀត។
លោកស្រីរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យក្រុមហ៊ុនបន្តកែច្នៃផលិតផលសក្តានុពលផ្សេងទៀត ក្រៅពីស្វាយចន្ទី ជាពិសេសផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត (Geographical Indication Products)។
លោកស្រីរដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះការចុះហត្ថលេខាលើឯកសារ Letter of Intent រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings Inc. និងឯកសារអនុស្សរណៈយោគ យល់គ្នារវាងក្រុមហ៊ុន Mirarth Holdings Inc. ជាមួយដៃគូចំនួន ៥ ក្នុងការជំរុញការនាំចូល និងចែកចាយស្វាយចន្ទីរកម្ពុជាមកទីផ្សារជប៉ុន នាឱកាសទិវាជាតិកម្ពុជា អមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
លោកអគ្គនាយក បានថ្លែងអំណរគុណ លោកស្រីរដ្ឋមន្ត្រី ដែលបានអនុញ្ញាត និងផ្តល់ឱកាសក្រុមហ៊ុន និងគណៈប្រតិភូ បានចូលជួប និងគោរពរាយការណ៍អំពីវឌ្ឍនភាពការងារ។
បន្ថែមលើនេះ លោកអគ្គនាយក បានបញ្ជាក់ថា ក្រុមហ៊ុន បានកំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ហើយបច្ចុប្បន្នស្វាយចន្ទីកម្ពុជា បានចាប់ផ្តើមមានវត្តមានដាក់លក់បណ្តើរៗក្នុងផ្សារ Family Mart ចំនួន ១៦,៣២០ ទីតាំងនៅក្នុងប្រទេសជប៉ុន៕


Daily Program
