ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ អបអរសាទរការវិលត្រឡប់នៃវត្ថុបូរាណ​មកកម្ពុជាវិញ

​សហរដ្ឋអាមេរិកមានសេចក្តីរីករាយ ក្នុងការចូលរួមពិធីប្រគល់ទទួលវត្ថុបូរាណ ដែលត្រូវបានលួចចេញពីកម្ពុជាក្នុងអំឡុងពេលនៃសង្គ្រាម មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ។ អ្នកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ប្រារព្ធធ្វើនៅវិមានសន្តិភាព នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

អ្នកស្រី Walker បានមានប្រសាសន៍ថា ៖ «សហរដ្ឋអាមេរិកគឺជាដៃគូប្រកបដោយការប្តេជ្ញាចិត្ត និងជាទីទុកចិត្តក្នុងការការការពារទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជា ។ ការនាំ​យកវត្ថុបូរាណ ដែលត្រូវបានលួចយកចេញទៅ មកកាន់កន្លែងដើមរបស់វាវិញគឺជារឿងត្រឹមត្រូវដែលត្រូវតែធ្វើ»។

គិតមកដល់ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលក្នុងការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបូរាណចំនួនជាង ១៥០ រូបដែលក្នុង​នោះ រួមមានព្រះគណេស ជាដំរីព្រះក្នុងសាសនាហិណ្ឌូ  និងរូបចម្លាក់ព្រះស្កន្ធគង់លើក្ងោក ជារចនាបទសតវត្សទី ១០ ដែលរូបចម្លាក់ទាំងពីរនេះត្រូវបានដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា នារាជធានីភ្នំពេញ។

ការប្រគល់វត្ថុបុរាណទាំងនេះអាចធ្វើទៅបានក្រោមអនុស្សរណៈយោគយល់គ្នាផ្នែកសម្បត្តិវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរបានចុះហត្ថលេខាបន្តនៅខែសីហា ឆ្នាំ ២០២៣ សម្រាប់រយៈពេលបន្ថែមចំនួន ៥ ឆ្នាំទៀត។

ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងនាឆ្នាំ ២០០៣ សហរដ្ឋអាមេរិក បានជួយបណ្តុះបណ្តាលអ្នកជំនាញការពារបេតិកភណ្ឌសម្បត្តិវប្បធម៌ បង្ការការលួចវត្ថុបូរាណ ហើយបានធ្វើការសម្របសម្រួលក្នុងការបញ្ជូនត្រឡប់មកវិញ ពីបុគ្គល និងវិចិត្រសាលឯកជន នៅទូទាំងសហរដ្ឋអាមេរិក នូវវត្ថុបូរាណដែលត្រូវបានគេលួចយកចេញទៅ។

កិច្ចសហការគ្នាផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក៏រួមមានផងដែរនូវការវិនិយោគសរុបចំនួន ៦លានដុល្លារសម្រាប់ការអភិរក្សវប្បធម៌តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងគម្រោងផ្សេងៗទៀត។

សកម្មភាពទាំងនេះរួមមានការជួសជុលប្រាសាទភ្នំបាខែង ពីសតវត្សទី ៩ ដែលស្ថិត​នៅក្នុងឧទ្យានបុរាណអង្គរនិងប្រាសាទព្រះវិហារ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា៕

 

Daily Program

Livesteam thumbnail