សេចក្តីថ្លែងការណ៍រួមរបស់កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិរវាងព្រះពុទ្ធសាសនា និងគ្រីស្តសាសនា លើកទី៨នៅភ្នំពេញ

មនុស្សជាង ១៥០ នាក់ រួមមានមន្ត្រីសង្ឃនិងសាសនិកនៃព្រះពុទ្ធសាសនា និងអ្នកបួសនិងគ្រហស្ថនៃគ្រីស្ទសាសនា ពី១៨ ប្រទេស បានប្រមូលផ្ដុំគ្នានៅទីក្រុងភ្នំពេញ ក្នុងកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិរវាងព្រះពុទ្ធសាសនា និងគ្រីស្តសាសនា លើកទី៨ ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែឧសភា ឆ្នាំ ២០២៥ ដោយមានប្រធានបទ “ពុទ្ធបរិស័ទ និងគ្រីស្តបរិស័ទរួមគ្នារក្សាសុខដុមនីយកម្មដោយភាពធន់”។
កម្មវិធីនេះធ្វើឡើងដើម្បីបន្តដំណើរការបើកចំហកិច្ចសន្ទនានៃសាសនាទាំងពីរ ក្នុងបំណងជំរុញសុខដុមរមនា និងសន្តិភាពជាសាធារណៈ។
ក្នុងសេចក្ដីថ្លែងការណ៍រួម អ្នកចូលរួមបានបញ្ជាក់ថា ការផ្សះផ្សារត្រូវការប្រាប់ដោយផ្ទាល់ ដើម្បីព្យាបាលនិងបង្កើតទំនាក់ទំនងឡើងវិញ មិនមែនជាការលុបការចងចាំនោះទេ។ ខណៈដែលភាពធន់ទ្រទ្រង់ដោយអនុវត្តផ្លូវវិញ្ញាណ ការចូលរួមរបស់សហគមន៍ និងជំនឿ។ អង្គប្រជុំបានអំពាវនាវឲ្យដោះស្រាយបញ្ហាឫសគល់នៃជម្លោះ ដូចជា ភាពក្រីក្រ ការបំផ្លាញបរិស្ថាន អយុត្តិធម៌សង្គម។
ក្នុងរយៈពេលបីថ្ងៃនេះ អ្នកចូលរួមបានអធិស្ឋាន ពិភាក្សា និងទស្សនាទីកន្លែងសាសនាផ្សេងៗ។ ពួកគេបានរិះគិតលើព្រះបន្ទូល និងការបង្រៀនរបស់សាសនា ដោយផ្ដោតសំខាន់លើការគោរពប្រពៃណី ធម៌មេត្តាករុណា ការលើកទោស និងកម្លាំងផ្ទៃក្នុងដែលជាគន្លឹះព្យាបាលពិភពលោកដែលកំពុងបែកបាក់នេះ។
ដោយយោងទៅនឹងព្រះបន្ទូលរបស់ព្រះពុទ្ធ និងគម្ពីរគ្រីស្តសាសនា ដែលចែងថា “សម្អប់មិនអាចបញ្ឈប់ដោយស្អប់គ្នា ប៉ុន្តែត្រូវបានបញ្ឈប់ដោយសេចក្ដីស្រឡាញ់ (ទ្រឹស្តីព្រះពុទ្ធ ៥) និង “អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ” (ម៉ាថាយ ៥:៩) អ្នកចូលរួមបានពិភាក្សានិងលើកឡើងអំពីតម្លៃរួមរវាងសាសនាទាំងពីរ។
សេចក្ដីថ្លែងការណ៍នេះ បានលើកសង្ខេបពីសារៈសំខាន់នៃការអប់រំ ការរួមសហការរវាងសាសនាទាំងពីរ និងតួនាទីសំខាន់របស់មន្ត្រីសាសនាដែលស៊ូទ្រាំនឹងទុក្ខលំបាក និងលើកទឹកចិត្តឲ្យមានយុត្តិធម៌និងសន្តិភាព។
ក្នុងខណៈពេលពួកគេត្រឡប់ទៅសហគមន៍របស់ខ្លួន អ្នកចូលរួមបានសន្យាថា នឹងបន្តធ្វើជាស្ពាននៃកិច្ចសន្ទនា ការគោរពតាមលក្ខណៈចាស់ទុំ និងបង្កើតសកម្មភាពរួមសម្រាប់សន្តិភាព។
ក្នុងនោះដែរ ពួកគេសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ជាពិសេសដល់អ្នករៀបចំកម្មវិធីនិងអាជ្ញាធរក្នុងស្រុក សម្រាប់គាវរកិច្ចក៏កក់ក្ដៅ។ កិច្ចសន្ទនានេះ បានបញ្ចប់ជាមួយនឹងទស្សនវិស័យសហគមន៍នៃសន្តិភាព គ្មានជម្លោះ ប៉ុន្តែជាការមានវត្តមានសកម្មនៃសេចក្ដីស្រឡាញ់ យុត្តិធម៌ និងភាពរួបរួមរបស់មនុស្សជាតិ។
សូមរំលឹកថា កម្មវិធីនេះបានរៀបចំដោយក្រសួងសម្រាប់កិច្ចសន្ទនាអន្តរសាសនានៃបុរីវ៉ាទីកង់ (Dicastery for Interreligious Dialogue) សហការជាមួយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងសភាលោកអភិបាលកម្ពុជា។ ហើយកម្មវិធីនេះ បាននាំឲ្យមានការចូលរួមពីអ្នកតំណាងសាសនាផ្សេងៗ នៅទូទាំងអាស៊ី សហរដ្ឋអាមេរិក និងសន្តអាសនៈ រួមទាំងភ្ញៀវកិត្តិយសពី សភាលោកអភិបាលអាស៊ី។
តាមការប្រកាសនៅចុងកម្មវិធី កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិរវាងព្រះពុទ្ធសាសនា និងគ្រីស្តសាសនា លើកទី៩ នឹងធ្វើនៅប្រទេសស្រីលង្កា ក្នុងឆ្នាំ២០២៧ខាងមុខនេះ៕
ដោយ កែវ កញ្ញា






Daily Program
