សិស្សវិទ្យាល័យចំណេះទូទៅសន្តហ្រ្វង់ស្វ័រប្រឡងជាប់១០០ភាគរយ
បេក្ខភាពប្រឡងធម្យមសិក្សាបឋមភូមិ(ឌីប្លូម) ចំនួន៣៦នាក់ នៃសាលាចំណេះទូទៅសន្តហ្រ្វង់ស្វ័រ ដែលជាគ្រឹះស្ថានអប់រំស្ថិតក្រោមការគ្រប់គ្រង់របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ប្រឡងជាប់១០០ភាគរយ នាសម័យប្រឡង ០២ កញ្ញា ឆ្នាំ២០២៤។
បើតាមការឲ្យដឹងពីអ្នកស្រី ឡៃ មករា ជានាយិកាសាលាកាតូលិកខាងលើ បានប្រាប់ RVA Khmer ថាក្នុងសម័យប្រឡងធម្យមសិក្សាឆ្នាំ២០២៤នេះ មិនខុសពីឆ្នាំមុននោះទេ គឺបេក្ខភាពទាំង៣៦នាក់ ស្រី២១នាក់ នៃសាលាចំនេះទូទៅសន្តហ្រ្វង់ស្វ័របានប្រឡងជាប់១០០ភាគរយ។ ដែលបានលំដាប់និទ្ទេសដូខខាងក្រោម៖ និទ្ទេសល្អ១៣នាក់ និទ្ទេសល្អបង្គួរ២២នាក់ និងនិទ្ទេសមធ្យម១នាក់ស្រី។
នាយិកាសាលាកាតូលិកខាងលើបានបន្តថា សិស្សដែលប្រឡងជាប់១០០ភាគរយរបស់សាលាចំនេះទូទៅសន្តហ្វ្រង់ស្វ័រមានចំនួន១៤ជំនាន់ហើយបើគិតមកដល់បច្ចុប្បន្ននេះ។ ហើយផលផ្លែដែលសាលា និងសិស្សានុសិស្សទទួលបាននាពេលសព្វថ្ងៃនេះ គឺមានការជ្រោមជ្រែងទាំងគំនិត និងថវិកា ពីសំណាក់លោកអភិបាល អូលីវីយេ ស្មិជហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
ដោយឡែកជុំវិញ ផលផ្លែដែលសិស្សទទួលបានល្អរាល់ៗឆ្នាំ អ្នកស្រី ឡៃ មករា បានបញ្ជាក់ថា ខាងសាលាបានយកចិត្តទុកដាក់ខ្លាំង ទាំងម៉ោងបង្រៀនសិស្ស មុខវិជ្ជាសំខាន់ៗ និងវិន័យផ្សេងៗ។ ដោយអនុវតតាមគោលការណ៍របស់ក្រសួងអប់រំ «អ្នកចេះគឺជាប់»។ មួយវិញទៀត រាល់ការប្រឡងសាក តេសសមត្ថភាពសិស្ស ឬក៏ប្រឡងឆមាស ខាងសាលាយើងបានអនុវត្តវិន័យតឹងតែងជាទីបំផុត ដោយមិនឲ្យមានបែកធ្លាយវិញ្ញាសារ ការចំឡងឯកសារ ឬលួចចម្លងគ្នាកើតមានជាដាច់ខាត។ ដោយសិស្សម្នាក់ៗត្រូវខិតខំរៀនសូត្រដោយខ្លួនឯង ចំណេះរបស់ខ្លួនប៉ុណ្ណា គឺទទួលបានលទ្ធផលបែបនោះ។ «អ្នកចេះគឺជាប់ បើមិនខិតខំរៀនគឺធ្នាក់»។
សូមបញ្ជាក់ផងដែរថា សាលាចំនេះទូទៅសន្តហ្រ្វង់ស្វ័រ ជាគ្រឹះស្ថានអប់រំមួយ ស្ថិតក្រោមការគ្រប់គ្រង់របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានទីតាំងនៅក្នុងភូមិចំកាទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវសាលាកាតូលិកមួយនេះ បង្កើតឡើងក្នុងគោលដៅជួយបណ្តុះបណ្តាលកូនអ្នកទីជនបទឲ្យទទួលបានចំណេះដឹងដើម្បីអនាគត់។ ហើយកម្រិតអនុវិទ្យាល័យបង្កើតឡើងក្នុងឆ្នំា២០០៨ បើគិតមកដល់ឆ្នាំ២០២៤នេះ មាន១៤ជំនាន់ហើយ គឺជាប់១០០%។ ដោយមានសិស្សប្រឡងថ្នាក់ទី9 ជំនាន់ទី១ នៅឆ្នំា២០១១៕
ដោយ ឆាក លាំង