សិល្បៈអន្តរជាតិសៀមរាប-អង្គរ ដើម្បីពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ និងទាក់ទាញទេសចរ

ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ដែលបានធ្វើឡើងនៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប នារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ 

លោក​ ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌  អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អនៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ ឱ្យមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និងជំរុញចលនាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

លោកបានបន្តថា «ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ» គឺជាការបង្ហាញអំពីសិល្បៈអរូបីយ ស្របជាមួយជំនាញ ចំណេះដឹងហត្ថកម្ម ដោយបានសម្តែងចេញជាតម្លៃពិតរបស់វប្បធម៌ជាតិ នៃគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់សិល្បករ-សិល្បការិនីគ្រប់ៗរូប ដែលបានបង្ហាញអំពីអត្ថន័យ សីលធម៌ គុណធម៌ គតិធម៌ និងឧត្តមគតិ ដែលមានលក្ខណៈពិសេសប្រកបដោយអត្តសញ្ញាណភាពជាតិសម្រាប់ប្រជាជាតិនីមួយៗយ៉ាងពិតប្រាកដ។ ការសម្តែងសិល្បៈអន្តរជាតិនៅពេលនេះ មានការរួមបញ្ចូលទម្រង់សិល្បៈបុរាណ និងអន្តរជាតិ ដើម្បីលើកកម្ពស់គុណតម្លៃនៃសិល្បៈវប្បធម៌ផ្សារភ្ជាប់ទេសចរណ៍ ដែលបង្កើតបានជាផលិតផលទេសចរណ៍ដ៏ទាក់ទាញតាមរយៈការលើកតម្កើងវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់ប្រទេស រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងជាកាលានុវត្តភាពសម្រាប់វិស័យទេសចរណ៍ប្រកបដោយភាពពេញចិត្តដល់ទេសចរគ្រប់រូប។

ព្រឹតិ្តការណ៍នេះក៏ជាការចូលរួមចំណែកផ្សព្វផ្សាយទីផ្សារទេសចរណ៍ដ៏សំខាន់ និងជាការពាំនាំ ចែករំលែកអំពីវប្បធម៌ អត្តសញ្ញាណ និងការរស់នៅក្នុងតំបន់ទៅកាន់ទេសចរជាតិ និងអន្តរជាតិ ដែលមិនត្រឹមតែចូលរួមទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមជំរុញការបង្កើតថ្មី សហគ្រិនភាព និងភាពច្នៃប្រឌិតលើផ្នែកសិល្បៈផងដែរ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងដែរថា ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ស្របពេលដែលរដ្ឋបាលខេត្តបាននិងកំពុងលើកទិសដៅជំរុញនិងលើកទឹកចិត្តដល់ការវិនិយោគបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗផ្សារភ្ជាប់ជាមួយសក្តានុពលវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដោយរៀបចំប្រតិទិនកម្មវិធីព្រឹត្តិការណ៍នានា ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍ឆ្នាំ២០២២-២០៣៥ របស់រាជរដ្ឋាភិបាល៕

Daily Program

Livesteam thumbnail