សាលាសន្តយ៉ូស្ទីន បើក​ដំណើរ​ការ​ឡើងវិញ

កាលពីថ្ងៃទី២ ខែ​វិច្ឆិកានេះ សាលា​អប់រំ​ជំនឿ​សន្តយ៉ូស្ទីន របស់ភូមិភាគភ្នំពេញ បានបើកដំណើរការឡើងវិញក្រោយពីកូវីដ១៩សម្រាប់ជំនាន់ទីបួន ដែលរៀបចំឡើងក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវី​យ៉េ ជ្មីតហស្លេ ដែលមាន​​សិស្សចំនួនហុកសិបនាក់ចូលរួមពីព្រះសហគមន៍ផ្សេងៗ​ក្នុងភូមិភាគភ្នំពេញ និង​មាន​បូជាចារ្យ​និង​គ្រូបង្រៀន​ចំនួ​​​ន​ជិត​១០នាក់​ផងដែរ។​

លោកអភិបាល​អូលីវី​យ៉េ មានប្រសាសន៍ថា សាលានេះ​ជួយឲ្យគ្រីស្តបរិស័ទរបស់យើងអាចចូលយ៉ាងជ្រៅនៅក្នុងជំនឿផ្ទាល់ខ្លួនដើម្បី​ស្រឡាញ់ព្រះសហគមន៍និងបម្រើព្រះសហគមន៍។ លោក​បន្ត​ថា កន្លងមកព្រះសហគមន៍​បាន​ទទួល​ផល​ផ្លែ​ជា​ច្រើន​ក្រោយពេល​បញ្ចប់​ការសិក្សា «​មាន​អ្នក​ខ្លះ ​​គេទៅ​​ប្រកាសដំណឹងល្អជាគ្រូអប់រំជំនឿបាន​ផ្តល់​សក្ខីភាព​ផ្ទាល់ខ្លួនយ៉ាងច្បាស់អំពីជំនឿ​ ដល់បងប្អូនឯទៀតៗ»។

ក្នុងឆ្នាំ​សិក្សា​ថ្មី​ជំនាន់ទី៤នេះ​ ​​មាន​អ្នក​ចូលរៀន​៦០នាក់ ហើយ​មាន​អាយុចាប់​ពី​១៨ឆ្នាំ​ដល់​៨០ឆ្នាំ។ លោកអភិបាល​អូលីវីយ៉េ បន្ថែម​ថា ​ទន្ទឹមនេះយើងឃើញថា មានគេចូលច្រើនមានន័យថា គឺជាសេចក្ដីត្រូវការ​របស់គ្រីស្តបរិស័ទផ្ទាល់ និងរបស់ព្រះសហគមន៍ផងដែរ។

«នេះ​គឺជាកម្លាំងដែលឲ្យព្រះសហគមន៍បន្តទៅមុខទៀតក្នុងការអប់រំ ការណែនាំ ការប្រកាសដំណឹងល្អ បន្ទាប់ពីព្រះយេស៊ូគ្រីស្តនិង​ក្រុមគ្រីស្តទូត» លោកអភិបាល​បន្ថែម។

សាលា​អប់រំ​ជំនឿ​សន្ត​យ៉ូស្ទីន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​​លោក​អភិបាលអូ​លីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ដាក់​ឲ្យសិក្សារៀងរាល់​ចុងសប្តាហ៍​​ក្នុង​រយៈពេល២ឆ្នាំសម្រាប់​មួយ​ជំនាន់ ក្នុងគោល​បំណង​ឲ្យ​គ្រីស្ត​បរិស័ទ​ឈ្វេងយល់អំពី​ជំនឿ​របស់​ខ្លួន​បាន​យ៉ាង​ទូលំទូលាយ​ និង​អា​ច​ប្រកាសដំណឹងល្អ​ដល់​អ្នកទៃ​បានក្នុង​នាម​ជា​គ្រីស្តបរិស័ទ​កាតូលិក។

កម្មវិធីសិក្សានេះ នឹង​ធ្វើ​នៅ​មជ្ឈមណ្ឌល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ ដោយមានមុខវិជ្ជា​ដូចជា ទេវវិទ្យា គម្ពីរវិទ្យា សីលធម៌​គ្រីស្តបរិស័ទ​ ប្រវត្តិសាស្ត្រ​ព្រះសហគមន៍សកលនិង​ក្នុងប្រទេស ការ​អប់រំជំនឿ  ពិធីបុណ្យ​របស់​គ្រីស្តសាសនា  និង​ផ្លូវ​វិញ្ញាណ។​​

គិតចាប់​ពី​បើកដំណើរ​ការ​ សាលា​អប់រំជំនឿ​សន្ត​យ៉ូស្ទីន បាន​បណ្តុះបណ្តាលគ្រីស្តបរិស័ទ​បាន​ប្រមាណ​ជាង​១០០នាក់​រួច​មក​ហើយ៕

ដោយ​កែវ កញ្ញា

 

Daily Program

Livesteam thumbnail