សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឱ្យលោក រ៉ុង ឈុន​ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ​អមដោយលោកស្រី ចាន់ បញ្ចរ័ត្ន ជាក្រឡាបញ្ជី បានចេញដីកាសម្រេច​ឱ្យលោក រ៉ុង ឈុន ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២៤។

ដីកាសម្រេចបាន​បញ្ជាក់ថា ការ​សម្រេចនេះដើម្បីធានាដល់ការស៊ើបសួរ និងបង្ការជនត្រូវចោទមិនឲ្យរត់គេចខ្លួន ឬធ្វើសកម្មភាពផ្សេងៗប៉ះពាល់ដល់ការស៊ើបសួរ គប្បីតុលាការសម្រេចដាក់ជនត្រូវចោទឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមបញ្ញត្តិមាត្រា ២២៣, មាត្រា ២២៦ និងមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

លោក ទិតសុទ្ធី បូរ៉ាឆាត បានបញ្ជាក់តាមរយៈដីកាសម្រេចដដែលនេះថា ៖ «ហេតុដូច្នេះ សម្រចឱ្យឈ្មោះ រ៉ុង ឈុន ​មុខរបរទីប្រឹក្សាគណបក្សកម្លាំងជាតិ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម លើបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។

តុលាការបានឲ្យលោក រ៉ុង ឈុន ត្រូវ​គោរពកាតព្វកិច្ចមួយចំនួនដូចជា មិនត្រូវចាកចេញក្រៅដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ, មិនត្រូវផ្លាស់ប្ដូរលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ, ត្រូវចូលបង្ហាញខ្លួននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ក្នុងរយៈពេល១ខែម្តងរៀងរាល់សប្តាហ៍ទី៤ នៃខែនីមួយៗ, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ និងមិនត្រូវទទួល ឬជួបបុគ្គលមួយចំនួន ដែលអាចនាំឱ្យជនត្រូវចោទ ប្រព្រឹត្តបទល្មើសដដែល ឬបទល្មើសថ្មីផ្សេងទៀត។

លោក ទិតសុទ្ធី បូរ៉ាឆាត បានបន្ថែមថា៖ «ប្រសិនបើជនត្រូវចោទគេចវេសដោយចេតនាពីកាតព្វកិច្ចដូចបានកំណត់ខាងលើ យើងនឹងសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្ន»។

លោក រ៉ុង ឈុន បានប្រាប់អ្នកសារព័ត៌មាន​ ក្រោយការបំភ្លឺនៅតុលាការថា លោកនឹងពិភាក្សាជាមួ​យមេធាវីការពារសិទ្ធិរបស់លោកដើម្បីជៀសវាងការប្រព្រឹត្តិសកម្មភាពទាំងឡាយណាដែលបំពានបម្រាមតុលាការ។

លោកបានបន្ថែមថា ការសម្រេចរបស់តុលាការ​នឹងធ្វើឱ្យសកម្មភាពនយោបាយរបស់លោកកាន់តែមានភាពចង្អៀត។

​លោកបានថ្លែងថា ៖ «ខ្ញុំមិនគេចវេសអីទេ ហើយខ្ញុំនៅតែសហការជាមួយនឹងតុលាការ នៅពេលតុលាការកោះហៅខ្ញុំសាកសួរ»។

សូមរម្លឹកដែរថា ថ្ងៃទី២០ ខែកញ្ញា​ លោក រ៉ុង ឈុន បានចូលទៅបំភ្លឺនៅតុលាការតាមដីកាកោះ ជុំវិញការចោទ ពីបទមិនរាងចាលក្នុងសំណុំរឿងញុះញង់៕

 

Daily Program

Livesteam thumbnail