សហរដ្ឋអាម៉េរិកបង្ហាញអំពីភាពត្រឹមត្រូវការបញ្ជូនមីនប្រឆាំងមនុស្សដើម្បីបញ្ឈប់ការឆ្ពោះទៅមុខរបស់រុស្ស៊ី
រដ្ឋបាលលោកចូ បាយឌិន ដែលធ្លាប់បានរិះគន់មីនប្រឆាំងមនុស្សដោយសារវាមានគ្រោះថ្នាក់ សម្រាប់ជនស៊ីវិល កាលពីថ្ងៃអង្គារ ទី២០ វិច្ឆិកា បានខិតខំប្រឹងប្រែងពន្យលអំពីភាពត្រឹមត្រូវ នៅក្នុងសេចក្តីសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ជូនអាវុធប្រភេទនេះទៅកាន់ប្រទេសអ៊ុយក្រែន ដែលវាសមស្របអាចអនុញ្ញាតឲ្យពន្យឺតការរុលទៅមុខរបស់កងកម្លាំងរុស្ស៊ីនៅភាគខាងកើតនៃប្រទេស។
នៅប្រទេសឡាវ រដ្ឋមន្រ្តីការពារជាតិ លោកឡយ អូស្ទីន ដែលនិយាយអំពីការផ្លាស់ប្តូរតាក តិចរបស់រុស្ស៊ីនៅលើសមរភូមិ បានថ្លែងថា ៖ “កងកម្លាំងប្រើរថក្រោះ រថពាសដែក ឬ គ្រឿង យន្តនានាលែងនាំមុខទៀតហើយ។ ទាហានរុស្ស៊ីឆ្ពោះទៅមុខដោយថ្មើជើង ដើម្បីខិតទៅជិត និងវាយប្រហារដើម្បីបើកផ្លូវឲ្យកងកម្លាំងរថក្រោះ រថពាសដែក និងគ្រឿងយន្តផ្សេងៗ វិញ”។
នៅខណៈដែលការឆ្ពោះទៅមុខរបស់ទាហានរុស្ស៊ីកើនល្បឿននៅភាគខាងកើតអ៊ុយក្រែន លោកឡយ អូស្ទីន បានបន្ថែមថា ៖ ”អ៊ុយក្រែនត្រូវការគ្រឿងផ្ទុះ ដែលអាចជួយឲ្យពន្យឺតការខិតខំប្រឹងប្រែងខាងសង្រ្គាមរបស់រុស្ស៊ីរបៀបនេះ។”
ការផ្គត់ផ្គង់មីនប្រឆាំងមនុស្ស ជាផ្នែកនៃជំនួយយោធាថ្មីរបស់អាម៉េរិកទៅដល់អ៊ុយក្រែន ដែល ត្រូវប្រកាសកាលពីថ្ងៃពុធ ជាមួយនឹងទឹកប្រាក់ ២៧៥លាន ដុល្លារ និងដែលរួមបញ្ជូលទាំង គ្រាប់រំសេវសម្រាប់ប្រព័ន្ធកាំភ្លើងធំ និងសម្ភារៈយោធាផ្សេងៗ ទៀត។
ការផ្លាស់ប្តូរចិត្តភ្លាមៗរបស់សហរដ្ឋអាម៉េរិកអំពីមីនប្រឆាំងមនុស្ស កើតមានប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតុនបើកភ្លើងខៀវឲ្យអ៊ុយក្រែនដើម្បីវាយប្រហារលើដែនដីរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយដែលជាអាវុធរបស់សហរដ្ឋអាម៉េរិក ហើយពួកវាក៏ត្រូវបានទីក្រុងគៀវ ប្រើប្រាស់ភ្លាមៗ ទៅលើរុស្ស៊ី។ ហើយការវាយប្រហារដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយនេះ ក៏ជាការឈានហួសបន្ទាត់ក្រហមរបស់ទីក្រុងមូស្គូផងដែរ។
នៅឆ្នាំ២០២២ ប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន បានថ្លែងថា លោកហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស។ ការផ្លាស់ប្តូរចិត្តភ្លាមៗ របស់លោកចូ បាយឌិន កើតមានឡើងបង្កការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីការបន្តការគាំទ្ររបស់អាម៉េរិកនៅអ៊ុយក្រែន នៅពេលប្រធានាធិបតីជាប់ឆ្នោត លោកដូណាល់ ត្រាំ នឹងចូលមកកាន់តួនាទីនៅខែមករា ខាងមុខ។
មីនប្រឆាំងមនុស្សគឺជាគ្រឿងផ្ទុះ ដែលនៅបន្តសម្លាប់ និងធ្វើឲ្យពិការដល់មនុស្សទោះបីជាសង្រ្គាមបានបញ្ចប់យូរហើយក៏ដោយ។ ប៉ុន្តែបើយោងតាម លោកឡយ អូស្ទីន មីនដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិក នឹងមិនមានសុពលភាពយូរទេ មានន័យថា ពួកវាផ្ទុកឧបករណ៍ដែលនឹងខូចខាតខ្លួនឯង និងធ្វើឲ្យបាត់បង់ប្រសិទ្ធភាពផ្ទុះដោយខ្លួនឯង ដែលជាទ្រឹស្តី វាអាចកម្រិតហានិភ័យសម្រាប់ជនស៊ីវិល។ ពួកវាអាចខូចខាតដោយខ្លួនឯង ឬក្លាយជាគ្មានប្រសិទ្ធភាពបន្ទាប់ពីបាតបង់បន្ទុកថ្មអគ្គីសនីរបស់ពួកវា។
អ្នកនាំពាក្យនាយកដ្ឋានរដ្ឋអាម៉េរិក លោកម៉ាធៀវ មីលឡើ បានពន្យល់ថា ទាំងនេះគឺជាមីនដែលផ្សេងៗគ្នាទាំងស្រុងពីមីនដែលត្រូវបានដាក់ដោយរុស្ស៊ី។ មីនកបក្នុងដីដែលរុស្ស៊ីបានដាក់ពង្រាយនៅអ៊ុយក្រែន មានចំនួនជិតដល់ ២លាន គ្រាប់ នឹងស្ថិតនៅជាការគំរាមកំហែងរយៈពេលរាប់ទសវត្សទៅមុខ។ បើយោងតាមលោកមីលឡើ បានឲ្យដឹងថា នៅក្នុងករណីមីនរបស់អាម៉េរិក ថ្មរបស់វានឹងអស់ ជាអតិបរិមា ២សប្តាហ៍ បន្ទាប់ពីការដាក់ពង្រាយ។ នេះគឺជាប្រភេទដែលពួកវាលែងមានការគំរាមកំហែងទៀតដល់ប្រជាជនស៊ីវិលបន្ទាប់ពីជម្លោះត្រូវបានបញ្ចប់។ លោកក៏បានរៀបរាប់បន្ថែមថា អ៊ុយក្រែននឹងត្រូវដោះមីននៅពេលចប់ជម្លោះ ហើយ មីនរបស់អាម៉េរិក នឹងងាយស្រួលរកឃើញ និងដោះចេញវិញ។