សហគមន៍អឺរ៉ុប និងណាតូ និយាយអំពីវិស័យការពារជាតិ និង​កែវភ្នែក​ផ្តោច​អារម្មណ៍​​លើលោកត្រាំ និងពូទីន

មេដឹកនាំនៃសហគមន៍អឺរ៉ុប នាយករដ្ឋមន្រ្តីអង់គ្លេស និងអគ្គលេខាអង្គការណាតូ បានស្ថិតនៅ​ទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទ ដើម្បីជួបប្រជុំព្យាយាមធ្វើឲ្យល្អប្រសើរឡើងនូវការចំណាយ​ការពារ​​ជាតិប្រឈមមុខនឹងការវាយប្រហាររបស់រុស្ស៊ី។ នៅក្នុងពេលជាមួយគ្នា លោក​ដូណាល់ ត្រាំ បានទាមទារឲ្យសម្ព័ន្ធមិត្តរបស់លោកជំរុញឲ្យបានរហ័សឡើងថែមទៀត ដោយ​ចំណាយ​​យ៉ាងហោចណាស់ ៥% នៃGDP លើវិស័យយោធា។

កិច្ចប្រជុំកំពូលការពារជាតិអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសចំនួន ២៧ នាយករដ្ឋមន្រ្តី​អង់គ្លេស និងអគ្គលេខាណាតូ បានជួបប្រជុំគ្នាកាលពីថ្ងៃទី៣ ខែកុម្ភៈ ដើម្បីព្យាយាមផ្តល់​សំទុះលើ​​ការចំណាយលើការការពារជាតិនៅក្នុងបរិបទដែលត្រូវបានកត់​សម្គាល់ដោយការ​ឈ្លានពាន​​របស់រុស្ស៊ីលើអ៊ុយក្រែន ម្យ៉ាងទៀត ក៏មានការទាមទារពីសហរដ្ឋអាម៉េរិក​ឲ្យអឺរ៉ុប​បង្កើន​ការ​ចំណាយ​យោធាផង។

ចាប់តាំងពីការបង្កការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ជិត ៣ឆ្នាំ ហើយ ប្រទេស​អឺរ៉ុប​មាន​រឿងរសើបនឹងបង្កើនថវិការយោធារបស់ពួកគេ។ ប៉ុន្តែពួកគេក៏ទទួលស្គាល់ដូចគ្នាថា ប្រទេស​សហគមន៍អឺរ៉ុបមិនបានបំពាក់អាវុធឲ្យលឿនគ្រប់គ្រាន់នៅក្នុងជម្រៅនៃការព្រួយបារម្ភ​ដែលចេះតែកើនឡើងប្រឈមមុខនឹងលទ្ធភាពដែលលោកវ្លាឌីមៀ ពូទីន អាចវាយប្រហារ​ប្រទេស​​អឺរ៉ុប​ម្តងមួយៗ នៅក្នុងប៉ុន្មានឆ្នាំខាងមុខដែលនឹងមកដល់។

ការវិលត្រឡប់របស់លោកដូណាល់ ត្រាំ មកកាន់សេតវិមាន បានផ្តល់នូវទិដ្ឋភាពថ្មីសម្រាប់​ការ​ពិភាក្សាដែលប្រធានាធិបតីអាម៉េរិក​និយាយម្តងហើយម្តង​ទៀតថា ​អឺរ៉ុប​លែងអាចពឹងតែ​ទៅលើការការពាររបស់អាម៉េរិកទៀតហើយ។

មហាសេដ្ឋីដ៏មានឥទ្ធិពលខាងអចលនទ្រព្យរូបនេះ ក៏បានសន្យាលើយុទ្ធនាការបញ្ចប់សង្រ្គាម​នៅអ៊ុយក្រែនឲ្យបានឆាប់រហ័ស ដែលបង្កការព្រួយបារម្ភរបស់អឺរ៉ុប ដែលភ័យខ្លាចថា នេះនឹង​បង្ខំ​ឲ្យទីក្រុងគៀវ​ទទួលនូវកិច្ចព្រមព្រៀងដ៏អាក្រក់។

លើសពីបញ្ហានៃការការពារជាតិ លោកត្រាំក៏បង្កើនការគំរាមកំហែងបាញ់ឆ្ពោះទៅកាន់សម្ព័ន្ធ​មិត្តអឺរ៉ុបរបស់ខ្លួន។

នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រីម៉េត ហ្វ៉េ្រដឺរីកសេន ដែលទើបតែបានធ្វើទស្សនកិច្ចនៅ​រដ្ឋធានី​ប្រទេសអឺរ៉ុបជាច្រើន សង្ឃឹមថា នឹងមានការផ្ញើសាររួមគ្នាប្រឈមនឹងការដៅរបស់​ប្រធានាធិបតី​មហាសេដ្ឋីពាន់លានរបស់អាម៉េរិកលើកោះហ្រ្គូអេនឡេន។ ភាពងាយរងគ្រោះនឹងកើតសង្រ្គាមពាណិជ្ជកម្មក៏គិតរៀបចំផែនការនៅក្នុងជំនួបនៅទីក្រុង​ប្រ៊ុចសែលនេះដែរ។ លោកដូណាល់ ត្រាំ ដែលទើបបានតម្លើងពន្ធនាំចូល ២៥% សម្រាប់​ផលិតផល​​កាណាដា និងមីស៊ីក ហើយនិង ១០% សម្រាប់ផលិតផលចិន បាននិយាយ​ម្តង​ទៀត​ថា វា​ដល់​ពេល​ពេលអឺរ៉ុបម្តងហើយ។

ចេញពីវិមានពងក្រពើ កាលពីចុងសប្តាហ៍ លោកដូណាល់ ត្រាំ បានតម្លើងសម្លេងថា ៖ “សហគមន៍អឺរ៉ុបធ្វើមិនល្អដាក់យើង”។ ចំណែកអឺរ៉ុបបានសន្យាថា នឹងវាយបក​ដោយភាពម៉ឺន​ម៉ាត់ ប្រសិនបើអឺរ៉ុបត្រូវបានដាក់គោលដៅដោយច្បាប់ពន្ធគយដោយមិនយុត្តិធម៌”។

មន្រ្តីអឺរ៉ុបម្នាក់សង្ខេបថា កិច្ចព្រមព្រៀងអំពីសារសំខាន់ចាំបាច់ក្នុងការបង្កើនការចំណាយខាង​យោធា​មានហើយ ហើយរបៀបដើម្បីឈានទៅសម្រេចគោលដៅស្ថិតនៅជាកម្មវត្ថុនៃ​ការ​ពិភាក្សា​ដ៏ជូរចត់។ សំនួរគឺមិនមែនសួរថា តើគេត្រូវធ្វើវាដែរឬទេ? តែសួរថា​តើធ្វើវា​យ៉ាង​ដូច​ម្តេច? ទីក្រុង​ប្រ៊ុចសែលវាយតម្លៃថា ប្លុកសហគមន៍អឺរ៉ុប នឹងត្រូវវិនិយោគ ៥០០ពាន់លានអឺរ៉ូ បន្ថែម​​នៅ​ក្នុងការការពារជាតិនៅទសវត្សខាងមុខ។

 

Daily Program

Livesteam thumbnail