សវនាការលើសំណុំរឿងព្រហ្មទណ្ឌ ប្តឹងជំទាស់របស់លោកកឹម សុខា នឹងបន្តធ្វើនៅថ្ងៃទី​៦ ខែមិថុនាខាងមុខទៀត

លោក ផែង ហេង មេធាវីការពារ​ក្តី​លោក កឹម សុខា បានប្រាប់ឱ្យដឹងថា សវនាការ​លើសំណុំរឿងព្រហ្មទណ្ឌ ប្តឹងជំទាស់របស់លោកកឹម សុខា  អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹង​បន្ត​ធ្វើ​ឡើងនៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤ ដែលជាសវនាការលើកទី១០​របស់លោកកឹម សុខាផងដែរ​។

លោកបានថ្លែងថា ៖ «ឯកឧត្តមកឹម សុខា នៅតែប្រកាន់គោលការណ៍ថាគាត់មិនបានក្បត់ជាតិ មិនបាននាំបរទេសមកឈ្លានពាន ឬកាត់ដី​ឱ្យបរទេស ឬ​ផ្តល់ជាមធ្យោបាយដែលជាសព្វាវុធ ឬជាព័ត៌មានចារកម្មឱ្យទៅបរទេសទេ»។

លោក ផែង ហេង បានបន្តថា ៖ «គាត់ជាអ្នកស្រលាញ់ជាតិ ស្រលាញ់​ប្រទេសកម្ពុជា ស្រលាញ់ព្រះមហាក្សត្រ និង​ផលប្រយោជន៍ខ្មែរ​ ហើយគាត់តែងតែថាគាត់ចង់ឃើញការដឹកនាំមួយ​ដែលមានការគោរព​សិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងការ​ផ្សះផ្សាជាតិ»។

លោក អំ សំអាត នាយកប្រតិបត្តិអង្គការ លីកាដូ បានថ្លែង​ប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី​២៣ ខែឧសភា ដែរថា នៅថ្ងៃនេះ គ្រាន់តែការអានលើកំណត់ហេតុច្រើន ហើយសវនាការលើកទី១០ដែលនឹងធ្វើនៅ​ដើមខែក្រោយនេះក៏នៅតែបន្តការអានរបាយការណ៍ដដែលដែរ។

លោកថា លោក កឹម សុខាមិនមាន​ថ្លែងអ្វីច្រើននោះទេ ដោយគ្រាន់តែលោកបានបង្ហាញចំណាប់អារម្មណ៍យល់ស្របតាមការស្នើសុំរបស់មេធាវីរបស់​លោកដោយឱ្យកោះហៅមន្រ្តីនគរបាលយុត្តិធម៌មកធ្វើការបំភ្លឺ តែចុងក្រោយតុលាការបានបដិសេធលើចំណុចនេះ។

ទាក់ទងនឹងសំណើនៃការកោះហៅមន្រ្តីនគរបាលយុត្តិធម៌នេះដែរ​ លោកស្រី ម៉េង សុភារី មេធាវីរបស់​លោកកឹម សុខា ក៏បាន​ប្រាប់ដែរថា ការស្នើនេះព្រោះ​សហមេធាវីយល់ឃើញថាវាមានភាពចាំបាច់​នៅ​ក្នុង​ការ​ស្វែងរកយុត្តិធម៌ជូនលោក កឹម សុខា ទើបសហមេធាវីដាក់ពាក្យស្នើសុំឱ្យកោះហៅ​មន្រ្តីនគរបាលយុត្តិធម៌នេះ។

លោកស្រីបញ្ជាក់ថា ៖ «មូលហេតុនៃការស្នើនេះ ព្រោះ​យើងមើលលើឯកសារពីដំបូង​ឡើយដែ​ល​ជាដើមចមនាំឱ្យមានការ​ចាប់ខ្លួន​ឯកឧត្តមកឹម សុខាគឺលើវីដេអូឃ្លីបដែលមានរយៈពេល​១៣នាទី ដែលវីដេអូនោះមានការ​កាត់តមកភ្ជាប់គ្នា ចឹងហើយដែលធ្វើឱ្យមានបាត់ខ្លឹមសារសំខាន់ៗមួយចំនួន​ក្នុង​វីដេអូនោះ»។

ចំណែក លោកមេធាវី អាង ឧត្តម បាន​លើកឡើងដែរថា វាគឺជារឿងដែលហួសចិត្ត និង​ចម្លែកជាទីបំផុត ដោយលោកបញ្ជាក់ថា ក្នុង​សំណុំរឿង​ចោទលោកកឹម សុខាលើរឿងបាតុកម្ម ធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែ​នៅក្នុង​ក្រមនិយាយពី​រឿងប្រទូសរាយ ឈ្លានពានប្រឆាំងនឹងកម្ពុជា​។

លោកថា ៖ «ចឹង យើងនឹងបង្ហាញតុលាការ​យ៉ាងម៉េចបានជាមួយឆ្វេង មួយស្តាំបែបនេះ ខុសគ្នាដាច់»។

អ្នកគាំទ្រលោកកឹម សុខាមកពីខេត្តកំពង់ឆ្នាំង​ដែលមក​​រងចាំទទួលព័ត៌មានពី​សវនាការ​របស់​សា​លាឧទ្ធរណ៍នាថ្ងៃទី​២៣ ខែឧសភា លោក ចាន់ សុផាត បានប្រាប់ថា លោកចង់ឱ្យ​តុលាការបញ្ចប់​ករណីលោកកឹម សុខា ដោយសុំឱ្យតុលាការលើកលែងទោស និងការចោទប្រកាន់​លោក កឹម សុខា។

លោកថា លោកមកគាំទ្រនេះគឺមកដោយខ្លួនឯង មិនមាន​អ្នកណាបង្ខំ ឬជួលឱ្យ​លោកមក​គាំទ្រ​លោកកឹម សុខានោះទេ។

លោក ចាន់ សុផាត ថា ៖ «លោកកឹម សុខាជាមនុស្សល្អ ស្មោះត្រង់ ដែលអាចទុកចិត្តបាន ទើបធ្វើឱ្យខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋ​ក្នុង​ភូមិរបស់ខ្ញុំហ្នឹងទុកចិត្តលើគាត់បាន​ ទើបពួកខ្ញុំគាំទ្រលោកកឹម សុខា»។

រីឯអ្នកគាំទ្រមួយរូបទៀតដែលធ្វើដំណើរមកពីខេត្តកំពង់ចាម គឺលោក ចេង សុខុន បានលើកឡើងដែរថា តាមការតាមដាន និងការ​លោកយល់ឃើញគឺលោកមិនមាន​ឃើញ​មានការទំនាក់ទំនងរវាងលោកកឹម សុខា និង​ពួក​បរទេសនោះទេ ដែលការចោទនេះគឺអយុត្តិធម៌សម្រាប់​លោក កឹម សុខា។

លោកថា ៖ «ខ្ញុំចង់ឱ្យតុលាការដោះលែងគាត់ ហើយត្រូវរ៉ូវគ្នាវិញ នោះខ្មែរយើងនឹង​មានសុខសន្តិភាពហើយ ឈប់បែកបាក់គ្នាទៀត»។​

សូមរម្លឹកថា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល ២៧ ឆ្នាំ ពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ៕

Daily Program

Livesteam thumbnail
khmer popup image