សម្តេចប៉ាបលើកទឹកចិត្តស្ត្រីដែលធ្វើធម្មយាត្រានៅប៉ូឡូញ
បន្ទាប់ពីការអធិស្ឋាន លោក ប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលលើកឡើងអំពី គំនិតមួយទៅកាន់អ្នកចូលរួមជាច្រើននៅក្នុងការជួបជុំប្រពៃណីដែលធ្វើឡើងនៅទីសក្ការបូជាព្រះនាងម៉ារី ក្នុង តំបន់ ភីការី ស្លាគី (Piekary Śląskie) នៅប្រទេសប៉ូឡូញ។
បើតាមវ៉ាទីកង់ញូវ សម្តេចប៉ាប បានមានប្រសាសន៍ពីទីលានសន្តសិលាជូនដល់អស់អ្នកចូលរួម នៅក្នុងកម្មវិធីធម្មយាត្រា នៅប៉ូឡូញថា សូមទាំងអស់គ្នាចូលរួមធ្វើជាសាក្សីនៃការប្រកាសដំណឹងល្អដោយភាពរីករាយក្នុងគ្រួសារ និងសង្គម»។
សម្តេចប៉ាបបានមានបន្ទូលថា កន្លែងគោរពបូជានេះត្រូវបានឧទ្ទិសដល់ព្រះនាងម៉ារីតាំងពីសតវត្សទី ១៧ ដូច្នេះវាមានអត្ថន័យណាស់នៅក្នុងការដែលគ្រីស្តបរិស័ទត្រូវតែរិះគិតអំពីព្រះយេស៊ូ ដែលជាបុត្រារបស់ព្រះជាម្ចាស់។
លោកបូជាចារ្យ អេឌ្រៀន ហ្គាលបាស (Adrian Galbas) អ្នកទទួលខុសត្រូវព្រះសហគមន៍មួយនៅក្នុងភូមិភាគកាតូវីស ( Katowice ) បានសង្កត់ធ្ងន់ថា ព្រះសហគមន៍មិនមែនជាកន្លែងស្ប៉ាខាងវិញ្ញាណទេ តែព្រះសហគមន៍គឺជាកន្លែងសម្រាប់ការផ្សាយដំណឹង ហើយការធ្វើធម្មយាត្រាគឺជាដំណើរដើម្បីប្រកាសដំណឹងល្អ ដល់គ្រីស្តបរិស័ទនិងមនុស្សទាំងអស់៕