សម្តេចប៉ាបយាងសួរសុខទុក្ខសមាជិកសភាអ៊ីតាលីដែលកំពុងមានជំងឺ
នៅពេលត្រលប់ទៅបុរីវ៉ាទីកង់វិញ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅសកលវិទ្យាល័យ ហ្គ្រេហ្គោរៀន (Pontifical Gregorian) សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានឈប់នៅកណ្តាលទីក្រុងរ៉ូម ដើម្បីយាងសួរសុខទុក្ខ លោកស្រី អេមម៉ា បូនីណូ ( Emma Bonino) អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលី ដែលកំពុងមានជំងឺ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានយាងទៅសួរសុខទុក្ខលោកស្រី អេមម៉ា បូនីណូ ដែលមានអាយុ ៧៦ឆ្នាំ ដល់ផ្ទះ ក្រោយពេលដែលលោកស្រីបានចាកចេញពីមន្ទីរពេទ្យដោយសារតែជំងឺផ្លូវដង្ហើម។
ប្រភពដដែលបានបន្តថា នេះគឺជាដំណើរយាងសាកសួរសុខទុក្ខដែលមិនមានការព្រាងទុក ហើយក៏ត្រូវមហាជនស្វាគមន៍។
ប្រភពដដែលបានបន្តថា សម្តេចប៉ាបនិងលោកស្រីបានធ្លាប់ជួបគ្នាជាច្រើនដងកាលពីអតីតកាល រាប់ចាប់តាំងពីឆ្នាំ ២០១៥មក ហើយទ្រង់និងលោកស្រីក៏ធ្លាប់បានជួបពិភាក្សាគ្នាអំពីបញ្ហានានា នៅក្នុងសង្គមនិងអន្តរជាតិរាប់ចាប់តាំងពី បញ្ហានៃលំហូរជនចំណាកស្រុក ការទទួលជនចំណាកស្រុក និងការរួមបញ្ចូលរបស់ពួកគេនៅក្នុងសង្គម។
សម្តេចប៉ាបកន្លងមកក៏ធ្លាប់បានវាយតម្លៃខ្ពស់ចំពោះលោកស្រីនៅពេលដែលបំពេញការងារជារដ្ឋមន្រ្តីការបរទេសអ៊ីតាលី ពាក់ព័ន្ធនឹងមនុស្សធម៌៕