សម្តេចប៉ាបអធិដ្ឋានសម្រាប់ជនរងគ្រោះរលំស្ថានីយរថភ្លើងនៅស៊ែប៊ី
នៅក្នុងទូរលេខមួយផ្ញើទៅកាន់ប្រធានាធិបតីស៊ែប៊ី លោក អាឡិចហ្សាន់ឌ័រ វូសិច (Aleksander Vučić) សម្តេចប៉ាបហ្រ្វង់ស៊ីស្កូមានបន្ទូល ថា ទ្រង់កំពុងអធិស្ឋានសម្រាប់ជនរងគ្រោះនៃឧបទ្ទវហេតុនៅស្ថានីយ៍រថភ្លើង ដែលបានបណ្តាលឲ្យមនុស្ស ១៤ នាក់បានស្លាប់។
សម្តេច មានបន្ទូលថា ទ្រង់កំពុងអធិដ្ឋាន ដល់មនុស្ស ១៤ នាក់ដែលបានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅពេលដែលដំបូលស្ថានីយ៍រថភ្លើងមួយកន្លែងនៅភាគខាងជើងប្រទេសស៊ែប៊ីបានដួលរលំកាលពីថ្ងៃសុក្រទី ១ ខែវិច្ឆិកា។
សម្តេចប៉ាបបានសរសេរថា "ខ្ញុំផ្ញើជូនលោក និងបងប្អូនជនរួមជាតិរបស់លោក ហើយសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ទូលបង្គំជាខ្ញុំ រួមជាមួយនឹងការធានានៃភាពស្និទ្ធស្នាលខាងវិញ្ញាណរបស់ទូលបង្គំជាខ្ញុំ បន្ទាប់ពីឧប្បត្តិហេតុថ្មីៗនេះនៅស្ថានីយ៍រថភ្លើង ណូវី សេត (Novi Sad) ។
សម្តេចប៉ាបបានបន្តទូលអង្វរឲ្យអ្នករងរបួសអាចរួចផុតពីទុក្ខសោកទាំងឡាយ ខណៈដែល ប្រជាជនស៊ែប៊ីរាប់ពាន់នាក់បានដើរក្បួននៅទីក្រុងនេះ ដើម្បីប្រឆាំងនឹងការធ្វេសប្រហែសរបស់រដ្ឋាភិបាល និងអំពើពុករលួយ ដែលពួកគេបានស្តីបន្ទោសចំពោះគ្រោះថ្នាក់នេះ។
ក្រោយហេតុការណ៍ រដ្ឋមន្ត្រីដឹកជញ្ជូនស៊ែប៊ី លោក ហ្គោរ៉ាន វេស៊ិច (Goran Vesic ) បានលាលែងពីតំណែងជុំវិញឧប្បត្តិហេតុនេះ៕