សម្តេចប៉ាបបន្តលើកទឹកចិត្តបព្វជិតឲ្យយល់ដឹង និងបន្តសកម្មភាពមនុស្សធម៌
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានជួបប្រជុំកាលពីថ្ងៃចន្ទជាមួយមេដឹកនាំនៃក្រុមបព្វជិតសាសនា ចំនួន ៤ ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗនៅទីក្រុងរ៉ូម។
វ៉ាទីកង់ញូវបានរាយការណ៍ នៅក្នុងឱកាសនោះ សម្តេចប៉ាបបានសម្តែងការដឹងគុណរបស់ទ្រង់ចំពោះការលះបង់ និងការតស៊ូចូលរួមដើម្បីធ្វើសាក្សីនៃជំនឿនិងមនុស្សធម៌ដើម្បីត្រួសត្រាយផ្លូវនៃក្តីសង្ឃឹម។
សម្តេចប៉ាប បានមានបន្ទូលថា មនុស្សធម៌និងជំនឿគឺជាផ្នែកមួយនៃជីវិត មិនថានៅគ្រាដ៏សំខាន់ដែលពាក់ព័ន្ធនឹងការសម្រេចចិត្តសំខាន់ៗ ឬក្នុងការសម្រេចចិត្តប្រចាំថ្ងៃរបស់យើងអំពីបញ្ហាតូចតាច និងជាទម្លាប់ក៏ដោយ។
សម្តេចប៉ាបបានមានបន្ទូលបន្ថែមទៀតថា ការយល់ដឹងអំពីមនុស្សធម៌និងជំនឿគឺទាមទារ ការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពោលគឺ ជាដំណើរដែលទាមទារឲ្យមាន ការអធិស្ឋាន ការត្រិះរិះពិចារណា ការរំពឹងទុកដោយអត់ធ្មត់ ភាពក្លាហាន និងការលះបង់។
សម្តេចប៉ាបក៏បានលើកឡើងពីសេចក្តីអំណរដែលកើតចេញពីការសម្រេចចិត្តល្អ ដោយសង្កត់ធ្ងន់ថា ការសម្រេចចិត្តត្រឹមត្រូវ តែងនាំមកនូវសេចក្តីអំណរជាច្រើនដល់យើង។
ទ្រង់បានដាស់តឿនអ្នកដែលមានវត្តមាននាឱកាសនោះឲ្យយកចិត្តទុកដាក់ជាពិសេស ដើម្បីជួយយុវជនឱ្យយល់ពីខ្លួននិងតម្រូវការរបស់ពួកគេ។
សម្តេចប៉ាបបានមានបន្ទូលថា សេរីភាព មានន័យថា ជាការប្រថុយនឹងការដើរលើផ្លូវជាក់លាក់មួយ ដោយប្រាជ្ញា និងការប្រុងប្រយ័ត្ន ប៉ុន្តែក៏ត្រូវមានភាពក្លាហាន និងស្មារតីលះបង់ ដើម្បីរីកចម្រើន និងឈានទៅមុខក្នុងការផ្ដល់ឱ្យខ្លួនឯង ដូច្នេះ ដើម្បីស្វែងរកសុភមង្គលក្នុងការស្រឡាញ់អ្នកដទៃស្របតាមផែនការរបស់ព្រះ យើងត្រូវតែចេះនិងយល់ឲ្យច្បាស់អំពីមនុស្សធម៌និងសប្បរសធម៌៕