សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យ២ម៉ឺនដុល្លារ ជួយជនរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី៣ តុលានេះ បានប្រោសព្រះរាជទានព្រះរាជទ្រព្យ ២០.០០០ដុល្លារ សម្រាប់ជួយជនរងគ្រោះដោយទឹកជំនន់ នៅតាមរាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ២០.០០០ដុល្លារ (ពីរម៉ឺនដុល្លារ) តាមរយៈសម្តេច គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ចូលរួមជួយជនរងគ្រោះ ដែលបណ្តាលមកពីទឹកជំនន់ នៅតាមរាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ដោយមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាគ្រប់ពេលវេលា ដែលប្រជារាស្ត្រកម្ពុជាមានទុក្ខលំបាកដោយគ្រោះធម្មជាតិផ្សេងៗ។
ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហា ប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោន តរៀងទៅ។»

Daily Program
