សម្តេចប៉ាប អំពាវនាវឱ្យបញ្ឈប់ការផលិត និងប្រើប្រាស់គ្រាប់មីនគ្រប់ប្រភេទ

សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ​ បានជំរុញដល់គ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក បញ្ឈប់ការ​ផលិត និងការ​ប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មីនគ្រប់ប្រភេទបន្តទៀត។

ព្រះបន្ទូលរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ ត្រូវបានលោកអគ្គអភិបាល Ettore Balestrero អគ្គរាជទូតសន្តអាសនៈ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងទីភ្នាក់ងារពិសេសៗ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លើកឡើងនៅក្នុង កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកំពុងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងព្រះរាជសាររបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលបានចុះហត្ថលេខាដោយ លោកកាឌីណាល់ Pietro Parolin រដ្ឋមន្ត្រីការបរទេស នៃសន្តអាសនៈ ជូនប្រធានកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន លោកអគ្គអភិបាល​ Ettore Balestrero បានប្រសាសន៍ថា សម្តេចប៉ាប ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រជាជន និងរាជរដ្ឋភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាតំណាងរដ្ឋទាំងអស់ អង្គការជាតិ និងអន្តរជាតិនានា ព្រមទាំងសង្គ​មស៊ីវិល ដែលកំពុងតែចូលរួមក្នុងសន្និសីទ្ធកំពូលនេះ។

លោកអគ្គអភិបាលបន្តថា នៅក្នុងប្រវត្តិសាស្ត្រនៃកិច្ចខិតខំប្រឹងប្រែង អន្តរជាតិទាក់ទងនិងការរំសាយអាវុធ អនុសញ្ញា​នេះបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងភាពជាកណ្តាលរបស់មនុស្ស និងនៅលើស្មារតីនៃការទទួលខុសត្រូវរួម តំ​ណាងឱ្យឧទាហរណ៍ជាក់ស្តែងអំពីរបៀបដែលពហុភាគីនិយមអាចទទួលបានជោគជ័យ និងសមទៅនឹងគោលបំណង។

លោកអគ្គអភិបាល ​បាន​បន្ត​ថា វិធីសាស្ត្រ​បែប​នេះ​បាន​ធ្វើ​ជា​គំរូ​ជា​បន្ត​បន្ទាប់​ដោយ​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​នៃ​សន្ធិសញ្ញា​ផ្សេង​ទៀត​។ គួរអោយសោកស្តាយ​បន្ទាប់ពី២៥ឆ្នាំ នៃការចូលជាធរមាននៃអនុសញ្ញាដ៏មានសារៈសំខាន់នេះ គ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើននៅមិនទាន់លុបបំបាត់ ដែលធ្វើអោយមានជនរងគ្រោះកើនឡើងជាបន្តបន្ទាប់។

លោកអគ្គអភិបាល បន្ថែមថា ជម្លោះគឺជាការបរាជ័យរបស់មនុស្សជាតិក្នុងការរស់នៅជាគ្រួសារមនុស្សតែមួយ។ ជាងនេះទៅទៀត សូម្បីតែជាច្រើនឆ្នាំគ្រាប់យុទ្ធភណ្ឌទាំងនេះនៅតែបន្តបង្កការឈឺចាប់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិ​សេសកុមារ បង្កើតអារម្មណ៍ភ័យខ្លាចបន្ថែមទៀតដែលរំខានដល់ការចិញ្ចឹមជីវិត និងរារាំងដល់ការផ្សះផ្សា សន្តិភាព និងការអភិវឌ្ឍន៍រួម។

លោកអគ្គអភិបាល​បានបញ្ជាក់ថា សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បន្តលើកទឹកចិត្តរដ្ឋភាគីទាំងអស់ឱ្យអនុវត្តអនុសញ្ញានេះឱ្យបានពេញលេញ ដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ពួកគេជាមួយនឹងភាពបន្ទាន់ និងការតស៊ូជាថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាពរបស់ពួកគេ។

សូមរម្លឹកដែរថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន បានបើក​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេច​មហាបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៕

Daily Program

Livesteam thumbnail