សម្តេចប៉ាប តែងតាំងបូជាចារ្យនីហ្សេរីយ៉ាឲ្យទទួលខុសត្រូវកិច្ចការទូទៅនៃលេខាធិការដ្ឋានសន្តអាសនៈ
សម្តេចប៉ាបឡេអូទី១៤ កាលពីថ្ងៃពុធកន្លងទៅនេះ បានតែងតាំងលោក អាន់តូនី អូនីមូឆេ អេកប៉ូ (Anthony Onyemuche Ekpo) បូជាចារ្យជនជាតិនីហ្សេរីយ៉ា ជាអ្នកទទួលខុសត្រូវកិច្ចការទូទៅនៃលេខាធិការដ្ឋានកិច្ចការទូទៅរបស់សន្តអាសនៈ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យ អេកប៉ូ មានអាយុ ៤៤ ឆ្នាំ ត្រូវទទួលការងារនេះជំនួសលោកបូជាចារ្យ រ៉ូប៊ឺតូ កាំពីស៊ី ( Roberto Campisi) ដែលត្រូវបានតែងតាំងជាអ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃបុរីវ៉ាទីកង់ប្រចាំអង្គការយូណេស្កូកាលពីខែកញ្ញា។
ក្នុងតួនាទីថ្មីរបស់ខ្លួន លោកបូជាចារ្យនឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យសកម្មភាពរបស់អង្គការអន្តរជាតិនានា ដែលមានទំនាក់ទំនងជាមួយបុរីវ៉ាទីកង់។
លោកបូជាចារ្យអេកប៉ូ កើតនៅប្រទេសនីហ្សេរីយ៉ា បានចាប់ផ្តើមបម្រើការងាររបស់លោកនៅបុរីវ៉ាទីកង់ជាលើកដំបូងក្នុងឆ្នាំ២០១៦។ លោកបានបម្រើការនៅ ផ្នែកកិច្ចការទូទៅរបស់បុរីវ៉ាទីកង់អស់រយៈពេល៦ ឆ្នាំ ចន្លោះឆ្នាំ២០១៦ និង ២០២៣។
នៅឆ្នាំ ២០២៣ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានតែងតាំងលោកជាអនុរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងលើកកម្ពស់ការអភិវឌ្ឍមនុស្សជាតិ ដើម្បីជួយការងាររបស់លោកកាឌីណាល់ ម៉ៃឃើល ស៊ែនី (Michael Czerny)៕