សម្តេចប៉ាប៖ អ្នកផ្សព្វផ្សាយសាសនាគួរប្រើភាសានៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់
នៅក្នុងសារមួយផ្ញើទៅកាន់អង្គសន្និសីទនៃ អ្នកផ្សព្វផ្សាយសាសនានៅទូទាំងទ្វីបអាមេរិក សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានជំរុញនិងលើកទឹកចិត្ដដល់អស់អ្នកផ្សព្វផ្សាយសាសនារបស់ព្រះសហគមន៍ ឱ្យនិយាយទៅកាន់មនុស្សជាតិជាភាសានៃសេចក្តីស្រឡាញ់ ដែលមនុស្សជាតិទាំងអស់អាចយល់បាន។
សារដែលផ្ញើទៅកាន់ អ្នកចូលរួមប្រហែល ១.៣០០ នាក់ នៅក្នុងមហាសន្និបាតអ្នកផ្សព្វផ្សាយសាសនាអាមេរិកលើកទី ៦ ដែលប្រព្រឹត្តទៅនៅទីក្រុង ផន ( Ponce) ប្រទេសព័រតូរីកូ ពីថ្ងៃទី ១៩ដល់ ២៤ខែវិច្ឆិកា សម្តេចប៉ាប បានលើកទឹកចិត្តអ្នកផ្សព្វផ្សាយសាសនាទាំងអស់ឱ្យអធិស្ឋានជាញឹកញាប់ដើម្បីបានជួបព្រះជាម្ចាស់។
សម្តេចប៉ាបបានឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះនៃបេសកកម្មប្រកាស ដំណឹងល្អរបស់ព្រះសហគមន៍ ដោយមានបន្ទូលថា យើងមិនអាចផ្តល់នូវអ្វីដែលយើងមិនមានបានទេ។ យើងមិនអាចបង្ហាញពីអ្វីដែលយើងមិនបានជួបប្រទះ អ្វីដែលភ្នែកយើងមិនបានឃើញ ឬអ្វីដែលដៃយើងមិនបានប៉ះនោះបានទេ ដូច្នេះសូមអធិដ្ឋាន។
សម្តេចប៉ាបបានមានបន្ទូល ថា ព្រះវិញ្ញាណបរិសុទ្ធអនុញ្ញាតឲ្យយើងបង្ហាញសេចក្តីអំណរនោះដោយពាក្យសម្ដី និងជាសក្ខីកម្ម តាមរយៈអំណាចផ្តល់ជីវិតរបស់ព្រះជាម្ចាស់៕