សម្តេចប៉ាប៖ សង្រ្គាមនិងអំពើហិង្សាកំពុងរងការវាយប្រហារដោយអមនុស្សធម៌លើមនុស្សជាតិ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានបញ្ជាក់សារជាថ្មីអំពីការអំពាវនាវរបស់ទ្រង់ឲ្យមានសន្តិភាពនៅក្នុងពិភពលោកដោយនិយាយថា ស្ថិតិអ្នកស្លាប់ដែលទទួលបានមកពីអ៊ុយក្រែនគឺ "គួរឱ្យភ័យខ្លាច" ហើយថាប៉ាឡេស្ទីនកំពុងរង «ការវាយប្រហារអមនុស្សធម៌»។
នៅចុងបញ្ចប់នៃកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ កាលពីថ្ងៃពុធ សម្តេចប៉ាប ជាថ្មីម្តងទៀតបានធ្វើការអំពាវនាវឲ្យគ្រប់គ្នារិះគិតឡើងវិញអំពីសន្តិភាពនៅលើពិភពលោក។
សម្តេចប៉ាបបានពន្យល់ថា ទ្រង់បានទទួលស្ថិតិអំពីចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ដោយហៅវាថា «គួរឱ្យភ័យខ្លាច»។
កាលពីខែមុន កាសែត Wall Street Journal បានចេញផ្សាយព័ត៌មានដែលបញ្ជាក់ថាចំនួនអ្នកស្លាប់បានកើនដល់មួយលាននាក់ ទាំងអ៊ុយក្រែន និងរុស្ស៊ី។ មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថាជនស៊ីវិលជាង ១២.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងខែមិថុនាតែមួយ។
ក្នុងការអំពាវនាវរបស់ទ្រង់ សម្តេចប៉ាប បានបញ្ជាក់ជាថ្មីថា «សង្គ្រាមគឺជាការបរាជ័យតាំងពីដើមដំបូងមក ហើយថា សង្រ្គាមគឺជាទណ្ឌកម្មដែលមិនអាចអត់ទោសឲ្យឡើយ»។
សម្តេចប៉ាបក៏បានមានបន្ទូលទៀតថា សូមឲ្យយើងអធិស្ឋានដល់ព្រះអម្ចាស់សុំសេចក្ដីសុខសាន្ត សូមទ្រង់ប្រទានសេចក្ដីសុខសាន្តដល់យើងទាំងអស់គ្នា។
សម្តេចប៉ាបបានអធិដ្ឋានថា ៖ «សូមពិភពលោក កុំភ្លេចមីយ៉ាន់ម៉ា កុំភ្លេចប៉ាឡេស្ទីនដែលរងការវាយប្រហារដោយអមនុស្សធម៌ កុំភ្លេចអ៊ីស្រាអែល ហើយកុំភ្លេចគ្រប់ជាតិសាសន៍ក្នុងសង្គ្រាម»។
សម្តេចប៉ាប ក៏បានសំដែងការសោកស្ដាយចំពោះការចំណាយហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់លើការផលិតអាវុធ ដែលទ្រង់មានបន្ទូលថា ផលិតកម្មអាវុធមានស្ថិតិដែលគួរឲ្យយើងទាំងអស់គ្នាស្លុត ពោលគឺលើសពី ១0៨ពាន់លានដុល្លារ៕