សម្តេចប៉ាប៖ គ្មាននរណាម្នាក់អាចហៅព្រះនាមរបស់ព្រះជាម្ចាស់ជំរុញការស្អប់បានទេ
ថ្លែងទៅកាន់គណៈប្រតិភូមកពីសមាគមសហគមន៍ជនជាតិអាហ្វហ្គានីស្ថានក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានបញ្ជាក់ជាថ្មីថា គ្មាននរណាម្នាក់អាចយកព្រះនាមព្រះជាម្ចាស់ទៅធ្វើឫប្រពឹត្តអំពើអាក្រក់នៅលើពិភបលោកនេះបានទេ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងឱកាសនោះ សម្តេចប៉ាបក៏បានមានបន្ទូលសង្កត់ធ្ងន់បន្ថែមទៀតថា សាសនាមិនត្រូវប្រើដើម្បីញុះញង់ឱ្យមានការស្អប់ខ្ពើម និងអំពើហិង្សាឡើយ ប៉ុន្តែផ្ទុយទៅវិញសាសនាគឺដើម្បីលើកកម្ពស់ភាតរភាពក្នុងចំណោមប្រជាជននិងសាសនិកទាំងអស់ទោះជាជំនឿខុសគ្នាក៏ដោយ។
សម្តេចប៉ាបក៏បានរំលឹកពីព្រឹត្តិការណ៍សោកនាដកម្មដែលអាហ្វហ្គានីស្ថានបានស៊ូទ្រាំជាច្រើន ទសវត្សរ៍កន្លងមកដែលត្រូវបានសម្គាល់ដោយអស្ថិរភាព សង្គ្រាម ការបែកបាក់ផ្ទៃក្នុង និងការរំលោភជាប្រព័ន្ធនៃសិទ្ធិមនុស្សជាមូលដ្ឋាន ដែលបានបង្ខំមនុស្សជាច្រើនឱ្យនិរទេសខ្លួន។
សម្តេចប៉ាបក៏បានសំដៅទៅលើស្ថានភាពធ្ងន់ធ្ងរនៅតាមព្រំដែនជាមួយប៉ាគីស្ថាន ដែលជនជាតិអាហ្វហ្គានីស្ថានជាច្រើនបានជ្រកកោន ហើយជាកន្លែងដែលជនជាតិភាគតិចកំពុងតែ ស៊ូទ្រាំនឹងការរំលោភបំពាន និងការរើសអើងផងដែរ។
ក្នុងបរិបទដ៏លំបាកនេះ សម្តេចប៉ាបបានកត់សម្គាល់ថា សាសនាគួរតែជួយកាត់បន្ថយភាពផ្ទុយគ្នា និងបង្កើតកន្លែងមួយដែលមនុស្សគ្រប់គ្នាត្រូវបានផ្តល់សិទ្ធិជាពលរដ្ឋពេញលេញដោយគ្មានការរើសអើង។
សម្តេចប៉ាបបានលើកទឹកចិត្តសមាជិកនៃបណ្តាញអាហ្វហ្គានីស្ថានឱ្យបន្តនៅក្នុងការខិតខំប្រឹងប្រែងដ៏ថ្លៃថ្នូរបស់ពួកគេដើម្បីលើកកម្ពស់ភាពសុខដុមរមនាខាងសាសនា" ដោយខិតខំ "ដើម្បីយកឈ្នះលើការយល់ច្រឡំរវាងសាសនាផ្សេងគ្នាដើម្បីកសាងផ្លូវនៃការសន្ទនាដែលជឿទុកចិត្ត និងសន្តិភាព។