សម្តេចប៉ាប៖ ក្តីសង្ឃឹមនិងសេចក្តីសប្បុរសនឹងធ្វើឱ្យពិភពលោកកាន់តែស្រស់ស្អាត

នៅក្នុងសារជាសំឡេងដែលផ្សាយនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ ដោយទូរទស្សន៍ BBC សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានដាស់តឿនមនុស្សជាតិកុំឱ្យមើលទៅអនាគតដោយទុទិដ្ឋិនិយម ប៉ុន្តែត្រូវជ្រើសរើសផ្លូវនៃសេចក្តីស្រឡាញ់ និងមើលពិភពលោកជាមួយនឹងការសម្លឹងមើលយ៉ាងទន់ភ្លន់និងពោរពេញដោយក្តីសង្ឃឹម។
សម្តេចប៉ាបមានបន្ទូលថា ទូលបង្គំជាខ្ញុំសង្ឃឹមថា យើងនឹងអនុវត្តសេចក្តីសប្បុរសជាទម្រង់នៃសេចក្តីស្រឡាញ់ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។
នៅក្នុងសារលិខិតរបស់ទ្រង់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃក្តីសង្ឃឹម និងសេចក្តីសប្បុរស ដោយទ្រង់មានបន្ទូលថា ៖ «សូមផ្សះផ្សាបេះដូងដោយដំណឹងល្អ ហើយបង្ហាញយើងអំពីមាគ៌ាដើម្បីដើរតាមអាកប្បកិរិយារបស់យើង»។
សម្តេចប៉ាបបានមានបន្ទូលបន្ថែមទៀតថា ពិភពលោកដែលពោរពេញដោយក្តីសង្ឃឹម និងសេចក្តីសប្បុរស ជាពិភពលោកដ៏ស្រស់ស្អាត ហើយក៏ជាសង្គមដែលមើលទៅអនាគតប្រកបដោយទំនុកចិត្ត និងប្រព្រឹត្តចំពោះមនុស្សដោយការគោរព និងការយល់ចិត្តមនុស្សកាន់តែមានភាពមនុស្សធម៌។
សម្តេចប៉ាបក៏បានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទចូលរួមធ្វើធម្មយាត្រានៃក្តីសង្ឃឹម ហើយទ្រង់លើកទឹកចិត្តមនុស្សគ្រប់គ្នាឱ្យជ្រើសរើសសេចក្តីស្រលាញ់ នៅក្នុងពិភពលោកដែលហ៊ុមព័ទ្ធដោយសង្រ្គាម អយុត្តិធម៌សង្គម និងអំពើហិង្សាផ្សេងៗ។
សម្តេចប៉ាបមានបន្ទូលទៀតថា កាលណាយើងជ្រើសរើសសេចក្ដីស្រឡាញ់ នោះសេចក្ដីស្រឡាញ់វានឹងធ្វើឲ្យចិត្តយើងក្លៀវក្លា និងមានសេចក្តីសង្ឃឹម។
សម្តេចប៉ាបបានមានបន្ទួលថា សេចក្ដីស្រឡាញ់អាចបង្ហាញដោយចិត្តសប្បុរស ហើយតែងតែបើកចិត្តទទួលយក និងជួយយើងឲ្យកាន់តែបន្ទាបខ្លួន៕
Daily Program
