សម្តេចប៉ាប៖ ការវិនិយោគលើអាវុធដើម្បីសម្លាប់គឺជាអំពើឆោតល្ងង់បំផុត

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់​នូវទំនួលខុសត្រូវផ្នែកសីលធម៌ចំពោះ​ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ គឺដើម្បីភាពប្រសើរឡើងនៃមនុស្សជាតិ មិន​មែន​សម្លាប់​ជីវិត។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់អញ្ជើញដឹកនាំកិច្ច ប្រជុំជាមួយ​គណៈប្រតិភូមកពីមូលនិធិកាតូលិកនៃទីក្រុងវីរ៉ូណា (Verona)។

នាឱកាសនោះ សម្តេចប៉ាប បញ្ជាក់ជាថ្មីអំពីកាតព្វកិច្ចខាងសីលធម៌ដោយផ្អែកលើគោលលទ្ធិសង្គមរបស់ព្រះសហគមន៍ ដែលប្រើប្រាស់ធនធានហិរញ្ញវត្ថុដើម្បីបម្រើផលប្រយោជន៍រួម និងថ្កោលទោសការវិនិយោគលើឧស្សាហកម្មអាវុធ។

សម្តេចប៉ាបបានសង្កត់ធ្ងន់លើតម្រូវការ​ដឹកនាំទ្រព្យសម្បត្តិឆ្ពោះទៅរកគំនិតផ្តួចផ្តើមដែលគាំទ្រជនងាយរងគ្រោះ និងស្របតាមគោលលទ្ធិសង្គមរបស់ព្រះសហគមន៍កាតូលិក ហើយមានបន្ទូលថា ការវិនិយោគលើអាវុធជា «ភាពឆ្កួតលីលា»។

សម្តេចប៉ាបបានគូសបញ្ជាក់ពីទំនួលខុសត្រូវរួមក្នុងការថែរក្សាភពផែនដី ដោយបាន​លើក​ឡើង​ថា ការ​គ្រប់គ្រង​នេះ​គួរ​តែ​ឆ្លុះ​បញ្ចាំង​ពី​ការ​គោរព និង​ប្រាជ្ញាដើម្បី​​ការពារ​បរិស្ថាន​និង​សង្គម។

សម្តេចប៉ាបក៏បានវាយតម្លៃខ្ពស់លើកិច្ចការមេត្តាករុណាថា ជាសក្ខីភាពចំពោះអត្តសញ្ញាណនៃព្រះសហគមន៍កាតូលិក ហើយបាន​លើកទឹកចិត្តគ្រីស្តបរិស័ទ ឱ្យតស៊ូបំពេញ​បេសកកម្មបម្រើ​អ្នកដទៃ​របស់ពួកគេ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត។

សម្តេចប៉ាបក៏បានអំពាវនាវដល់សមាជិកមូលនិធិ ឲ្យបន្ត​ជំនឿ​ចិត្ត​លើពួកគេ ដែល​កំពុង​​ផ្តល់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់​ ដោយដឹកនាំប្រវត្តិសាស្ត្រដោយសេចក្តីស្រឡាញ់ និងអំពាវនាវឱ្យកសាងអនាគតដែលមានឫសគល់នៅក្នុងយុត្តិធម៌ ហើយលើកទឹកចិត្តពួកគេឱ្យបន្តការងារល្អរបស់ពួកគេ ដែលសាបព្រោះអនាគត សុភមង្គល និងសន្តិភាព៕

Daily Program

Livesteam thumbnail