សម្តេចប៉ាបអំពាវនាវឱ្យមាន "ការទទួលខុសត្រូវ និងហេតុផល" នៅក្នុងសង្រ្គាមអ៊ីរ៉ង់-អ៊ីស្រាអែល

សម្តេចប៉ាបឡេអូទី១៤ បានបង្ហាញនូវហឫទ័យមិនចង់ឃើញនូវការកើនទំនាស់ផ្នែកយោធារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ហើយបានបន្តការអំពាវនាវឲ្យមានការ សន្ទនា និងការស្វែងរកពិភពលោកដែលរួចផុតពីការគំរាមកំហែងនុយក្លេអ៊ែរ។

សម្តេចប៉ាបបានអំពាវនាវដល់មេដឹកនាំអ៊ីរ៉ង់ និងអ៊ីស្រាអែល ឱ្យចាកចេញពីសង្រ្គាម ហើយចូលរួមនៅក្នុងការសន្ទនាដើម្បីផលប្រយោជន៍រួម។

ពាក់ព័ន្ធនឹងការកើនឡើងនូវកំដៅនៃសង្រ្គាមជាបន្តបន្ទាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកដល់ពេលនេះ សម្តេចប៉ាបបានមានបន្ទូលថា ម្នាក់ៗមិនគួរគំរាមកំហែងដល់អត្ថិភាពរបស់អ្នកដទៃឡើយ។

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ  ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែលហាក់បីដូជា កាន់តែយ៉ាប់យ៉ឺនយ៉ាងធ្ងន់ធ្ងរ ដូច្នេះហើយទូលបង្គំជាខ្ញុំសូមធ្វើការអំពាវនាវឲ្យមានការទទួលខុសត្រូវ និងមានហេតុផល។

សម្តេចប៉ាបក៏បានលើកឡើងពីតម្រូវការសម្រាប់ ការប្តេជ្ញាចិត្តក្នុងការកសាងពិភពលោកដែលមានសុវត្ថិភាពជាងមុន ដោយមិនមានការគំរាមកំហែងនុយក្លេអ៊ែរ។

សម្តេចប៉ាប​បាន​បញ្ជាក់​ថា​ ​វា​ជា​កាតព្វកិច្ច​របស់​ប្រទេស​ទាំងអស់​ក្នុង​ការ​គាំទ្រ​ដល់​បុព្វហេតុ​សន្តិភាព​ដោយ​ការ​ផ្តួចផ្តើម​ផ្លូវ​នៃ​ការ​ផ្សះផ្សា​ជាតិ​និង​ការ​លើក​កម្ពស់​ដំណោះស្រាយ​ដែល​ធានា​សន្តិសុខ​និង​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​ទាំងអស់គ្នា៕

Daily Program

Livesteam thumbnail