សម្តេចប៉ាបអំពាវនាវឱ្យការពារសិទ្ធិប្រជាជនយ៉ាណូម៉ាមីនៅក្នុងព្រៃអាម៉ាហ្សូន
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន ជំរុញឱ្យអាជ្ញាធរនយោបាយ និងស៊ីវិលនៃប្រទេសនានានៅតំបន់អាម៉ាហ្សូន ចូលរួមការពារសិទ្ធិជាមូលដ្ឋានរបស់ជនជាតិដើមភាគតិច យ៉ាណូម៉ាមី (Yanomami ) ដែលរស់នៅតាមព្រំដែនរវាងប្រទេសវេណេស៊ុយអេឡា និងប្រេស៊ីល។ នេះបើតាមសេចក្តីរាយាករណ៍របស់វ៉ាទីកង់ញូវ ។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «ទូលបង្គំជាខ្ញុំអំពាវនាវដល់អាជ្ញាធរនយោបាយ និងស៊ីវិល ឱ្យធានាការការពារប្រជាជន [យ៉ាណូម៉ាមី] និងសិទ្ធិជាមូលដ្ឋានរបស់ពួកគេ និងទប់ស្កាត់រាល់ទម្រង់នៃការកេងប្រវ័ញ្ចនៃសេចក្តីថ្លៃថ្នូរ និងទឹកដីរបស់ពួកគេ»។
យ៉ាណូម៉ាមី គឺជាក្រុមជនជាតិដើមភាគតិចប្រហែល ៣៥.០០០ នាក់ ដែលរស់នៅក្នុងភូមិ ពី ២០០ទៅ ២៥០ កន្លែង ក្នុងតំបន់ អាម៉ាហ្សូន ដែលស្ថិតនៅចន្លោះប្រទេស វេណេស៊ុយអេឡា និងប្រេស៊ីល។
យោងតាមក្រុមសិទ្ធិមនុស្ស ការជីកយករ៉ែមាសខុសច្បាប់ជារឿយៗកើតឡើងនៅលើដីយ៉ាណូម៉ាមី ដែលបង្កបញ្ហាសង្គម និងបរិស្ថាន រួមទាំងការពុលបារតនៅក្នុងសហគមន៍មួយចំនួនរបស់ពួកគេ៕