សម្តេចប៉ាបអធិដ្ឋានដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុយន្តហោះបុកគ្នានៅវ៉ាស៊ីនតោន

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ កាលពីចុងសប្តាហ៍មុន បានអធិដ្ឋាន​ដល់​អ្នក​រងគ្រោះដោយយន្តហោះ និងឧទ្ធម្ភាគចក្រប៉ះគ្នា។ នេះបើតាមសេចក្តីរាយការណ៍ដោយវ៉ាទីកង់ញូវ។

ហេតុការណ៍នេះបានកើតមានឡើងរវាងយន្តហោះដឹកអ្នកដំណើរនៃ​ក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងឧទ្ធម្ភាគចក្រយោធាបានបុកគ្នានៅកណ្តាលអាកាសក្បែរអាកាសយានដ្ឋានជាតិ រ៉ូណាល់ រីហ្គេន។

មនុស្ស ៦៤នាក់នៅលើយន្តហោះ និង ៣ នាក់នៅលើឧទ្ធម្ភាគចក្រ ត្រូវបានគេជឿថា បានបាត់បង់ជីវិតទាំងអស់ ។

នៅក្នុងសារទូរលេខមួយផ្ញើទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ សម្តេចប៉ាបបានបន្ទូល​ថា ទ្រង់សូមអធិដ្ឋានជូនដល់អស់ជនរងគ្រោះទំាងអស់ ហើយក៏ចូលរួមរំលែកទុក្ខជាមួយនឹង​ក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែលឥឡូវនេះកំពុងកាន់ទុក្ខចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

សម្តេចប៉ាប​ក៏​បាន​បញ្ជាក់​ដែរ​ថា ទ្រង់​កំពុង​អធិស្ឋាន​សម្រាប់​អ្នករង់ចាំដំណឹង ​នឹង​ការ​ប្រឹងប្រែង​សង្គ្រោះ និង​អំពាវនាវ​ដល់​មនុស្ស​ទាំងអស់​ក្នុង​ប្រទេសចូលរួមរំលែកទុក្ខចំពោះហេតុការណ៍នេះ។

អ្នកដំណើរនៅលើជើងហោះហើរនេះ រួមមានសមាជិកក្រុមកីឡាករ ជិះស្គីលើទឹកកក ក្រុមគ្រួសារ និងគ្រូបង្វឹកដែលត្រឡប់មកពីព្រឹត្តិការណ៍នៃការប្រកួតនៅទីក្រុង វីឆីតា ( Wichita) រដ្ឋ ខាន់សាស ( Kansas) រួមទាំងអតីតជើងឯកពិភពលោកដែលមានដើមកំណើតរុស្ស៊ីពីរនាក់ផងដែរ។

ក្រុមអ្នកសង្គ្រោះបន្ទាន់បានធ្វើការពេញទំហឹង ហើយបានរាយការណ៍ថា ក្រុមអ្នកមុជទឹកបានរកឃើញឧបករណ៍ថតទិន្នន័យមួយក្នុងចំណោមឧបករណ៍ថតចម្លងពីរ ដែលហៅថាប្រអប់ខ្មៅចេញពីយន្តហោះ។

ការ​បុក​គ្នា​នៅ​កណ្តាល​អាកាស​បាន​កើត​ឡើង ​ខណៈ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​ហោះ​ចេញ​ពី ទីក្រុង វីឆីតា កំពុង​រៀបចំ​ចុះចត​នៅ​អាកាសយានដ្ឋាន រ៉ូណាល់ រីហ្គេន៕

Daily Program

Livesteam thumbnail