សម្តេចប៉ាបឡេអូ យាងជួបជាមួយអភិបាលរដ្ឋកំណើតរបស់ទ្រង់
សម្តេចប៉ាបឡេអូទី១៤ បានយាងទទួលជួបជាមួយអភិបាលរដ្ឋ អ៊ីលីណ័រ (Illinois) ដែលជាស្រុកកំណើតរបស់ទ្រង់ គឺលោក ជេប៊ី ព្រីស្គ័រ ( JB Pritzker ) កាលពីថ្ងៃពុធ នៅឯបុរីវ៉ាទីកង់ រួមជាមួយនឹងភរិយា គឺលោកស្រី អ៊ឹមខេ ព្រីស្គ័រ (MK Pritzker)។
លោក ព្រីស្គ័រ បានចែករំលែកតាមបណ្តាញសង្គមបន្ទាប់ពីជំនួបសាវនាការថា "វាជាកិត្តិយសសម្រាប់ខ្ញុំ និងភរិយា ដែលបានជួបជាមួយសម្តេចប៉ាប ដែលជាប្រុត្រានៅរដ្ឋ អ៊ីលីណ័រ ដើម្បីបង្ហាញពីមោទកភាព និងការគោរពរបស់ប្រជាជននៃរដ្ឋដ៏អស្ចារ្យនេះ"។
ជាមួយគ្នានោះ សេចក្តីថ្លែងការណ៍មួយបានត្រូវធ្វើឡើងដោយបញ្ជាក់ថា ក្នុងនាមជាសម្តេចប៉ាបដែលយាងមកពីសហរដ្ឋអាមេរិកដំបូងគេ និង ជាអ្នកស្រុកដើមនៅអ៊ីលីណ័រ និងជាអ្នកតស៊ូមតិសម្រាប់ជនក្រីក្រ សម្តេចប៉ាបឡេអូ គឺទ្រង់តំណាងអោយ ក្តីសង្ឃឹម សាមគ្គីភាព ការអាណិតអាសូរ និងសន្តិភាពនៅអ៊ីលីណ័រ និងទូទាំងពិភពលោក។
នៅក្នុងឱកាសនោះ លោកអភិបាលរដ្ឋនោះបានគោរពយាងសម្តេចប៉ាបឡេអូមកបំពេញទស្សនកិច្ចនៅឈីកាហ្គោ ដោយសង្កត់ធ្ងន់ថា ទ្រង់ក៏មានសុទិដ្ឋិនិយមថា ទ្រង់នឹងយាងមកទីក្រុងនេះ៕