សម្តេចប៉ាបឡេអូ យាងជួបជាមួយនាយករដ្ឋមន្ត្រីហុងគ្រី
 
  សម្តេចប៉ាបឡេអូទី១៤ បានយាងជួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លោក វីកទ័រ អូបាន ( Viktor Orbán )កាលពីថ្ងៃចន្ទ នៅបុរីវ៉ាទីកង់។ នេះបើតាមវ៉ាទីកង់ញូវបានរាយការណ៍។
បន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហុងគ្រី ក៏បានជួបជាមួយលោក កាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ អមដោយលោកអគ្គអភិបាល ប៉ូល រីឆាដ ហ្គាឡាហ្គ័រ រដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ។
យោងតាមការិយាល័យព័ត៌មាននៃសន្តអាសនៈបានឲ្យដឹងថា កិច្ចពិភាក្សាបានគូសបញ្ជាក់ពី «ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ» រវាងបុរីវ៉ាទីកង់ និងហុងគ្រី លើសពីនេះ ជំនួប នេះក៏បានលើកឡើងពី «ការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ព្រះសហគមន៍កាតូលិកក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម និងសុខុមាលភាពរបស់សហគមន៍ហុងគ្រី ដោយសង្កត់ធ្ងន់ជាពិសេសលើតួនាទីរបស់គ្រួសារ ការអប់រំ និងអនាគតរបស់យុវជន ក៏ដូចជាសារៈសំខាន់នៃការការពារសហគមន៍គ្រីស្តសាសនាដែលងាយរងគ្រោះបំផុត»។
បន្ទាប់មក មេដឹកនាំទាំងពីរភាគីក៏ផ្លាស់ប្តូការពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា និងបញ្ហាអឺរ៉ុប ជាពិសេសជម្លោះនៅអ៊ុយក្រែន៕
Daily Program
 
 
             
     
 
   
  