សម្តេចប៉ាបឡេអូ៖ បច្ចេកវិទ្យាជួយមនុស្សច្រើន ប៉ុន្តែកុំភ្លេចតម្លៃសីលធម៌

ក្នុងការឆ្លើយសំណួរអំពីផលប៉ះពាល់នៃបច្ចេកវិទ្យាទៅលើជំនឿ សម្តេចប៉ាប ឡេអូទី១៤ បានគាំទ្រដល់ប្រយោជន៍នៃឧបករណ៍ទំនើបៗ ដើម្បីភ្ជាប់ទំនាក់ទំនងមនុស្សដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីគ្នា ប៉ុន្តែទ្រង់បានរំលឹកមនុស្សអំពីសីលធម៌ វិចារណញាណ និង សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ។

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា នៅក្នុងឱកាសជួបជាមួយនឹងយុវជនអាចមេរិកតាមប្រព័ន្ធវីដេអូខុនហ្វេនរ៉េន កាលពីថ្ងៃសុក្រ​ដោយប្រើប្រាស់បច្ចេកវិទ្យា សម្តេចប៉ាប បានមានបន្ទូល ថា “បច្ចេកវិទ្យាអាចជួយយើងធ្វើរឿងជាច្រើន ហើយថែមទាំងជួយយើងឱ្យរស់នៅតាមជំនឿគ្រីស្តសាសនារបស់យើងទៀតផង”។

សម្តេចប៉ាបឡេអូបានបន្តថា “វាក៏ផ្តល់ឱ្យយើងនូវឧបករណ៍ដ៏អស្ចារ្យសម្រាប់ការអធិស្ឋាន ការអានព្រះគម្ពីរ និងការរៀនបន្ថែមអំពីអ្វីដែលយើងជឿ”។

ក្នុងពេលជាមួយគ្នានេះ សម្តេចប៉ាបឡេអូក៏បានកត់សម្គាល់ថា បច្ចេកវិទ្យាមិនអាចជំនួសទំនាក់ទំនងពិត​បានទេ ហើយលើកឡើងថា បញ្ញាសិប្បនិម្មិត បានក្លាយជាលក្ខណៈពិសេសមួយនៃសម័យកាលរបស់យើង ដោយចង្អុលបង្ហាញថា សុវត្ថិភាពមិនត្រឹមតែជាការគ្រប់គ្រងការអភិវឌ្ឍគំរូ AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ផ្តល់អំណាចដល់មនុស្ស ឱ្យ​សម្រេចចិត្តដោយល្អតាមរយៈការអប់រំ និងការទទួលខុសត្រូវផ្ទាល់ខ្លួនផងដែរ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា វារីកចម្រើន ប៉ុន្តែយើងត្រូវប្រយ័ត្ន កុំប្រើប្រាស់ AI ហួសពី​ដែន​កំណត់​របស់​​យើង​។  ចូរប្រើវាជាឧបករណ៍​ បើវាបាត់នៅថ្ងៃស្អែក យើងនៅតែដឹងពីរបៀបគិត បង្កើត និងធ្វើសកម្មភាពដោយខ្លួនឯង។ ហើយត្រូវតែដឹងថា AI មិនអាចជំនួសអំណោយទាន​ដែលព្រះជាម្ចាស់ប្រទានដល់យើងនោះទេ៕

Daily Program

Livesteam thumbnail