សម្តេចប៉ាបឡេអូទី១៤៖ ក្នុងព្រះសហគមន៍គឺគ្មានការអត់ឱនចំពោះការរំលោភបំពានគ្រប់ទម្រង់
«ទូលបង្គំជាខ្ញុំសូមអំពាវនាវជាថ្មីថា មិនអាចមានការអត់ឱនចំពោះការរំលោភបំពានគ្រប់ទម្រង់នៅក្នុងព្រះសហគមន៍កាតូលិក » នេះគឺជាខ្លឹមសារដែលបញ្ជក់តាមរយៈសារលិខិតមួយច្បាប់របស់សម្តេចប៉ាបឡេអូទី១៤ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូ បានធ្វើការបញ្ជាក់បែបនេះនៅក្នុងសារដែលទ្រង់បានផ្ញើទៅកាន់សន្និសីទមួយ ដែលបានប្រារព្ធឡើងនៅ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៥។
សាររបស់សម្តេចប៉ាបឡេអូត្រូវបានបញ្ជូនដោយអ្នកតំណាងសាសនាប្រចាំប្រទេសហ្វីលីពីន លោកអគ្គអភិបាល ឆាល់ ប្រោន (Charles J. Brown) ទៅកាន់ប្រធានការិយាល័យការពារអនីតិជននៃក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិក នៃប្រទេសហ្វីលីពីន។
បន្ទាប់ពីបានសម្តែងការកោតសរសើរចំពោះដំណើរការរៀបចំសន្និសីទនេះ សម្តេចប៉ាបឡេអូ បានធ្វើការអំពាវនាវយ៉ាងម៉ឺងម៉ាត់ឲ្យមានការបង្ការនិងការការពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងការរំលោភបំពាននានា។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ព្រះសហគមន៍គឺជាជំរកខាងវិញ្ញាណរបស់យើង ដូច្នេះរាល់សកម្មភាពនៅក្នុងព្រះសហគមន៍ និងសកម្មភាពបូជាចារ្យត្រូវបានបង្កើតឡើងដើម្បីជាកន្លែងដែលយើងលើកតម្កើងព្រះជាម្ចាស់ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ ជាពិសេសកុមារ និងអ្នកដែលងាយរងគ្រោះ៕