សម្តេចប៉ាបឡេអូទី១៤សម្រេចបន្តប្រើប្រាស់ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមអតីតសម្តេចប៉ាប

សម្តេចប៉ាប ឡេអូទី ១៤ បានប្រកាសបន្តប្រើប្រាស់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមអតីតសម្តេចប៉ាប បន្ទាប់ពីបណ្តាញនេះត្រូវបានបង្កើតឡើងតាំងពីជំនាន់សម្តេចប៉ាបបេណេឌិកទី១៦ និង សម្តេចប៉ាបហ្រ្វង់ស៊ីស្កូមក។
វ៉ាទីកង់ញូវបានរាយការណ៍ថា រាល់គណនីនៅលើបណ្តាញសង្គម X និង Instagram គឺនៅរក្សាគណនីដដែលទាំងអស់។
ប្រភពដដែលបានបន្តថា ខ្លឹមសារដំបូងដែលទ្រង់បានបង្ហោះនោះគឺពាក់ព័ន្ធនឹងសកម្មភាពនៅពេលដែលទ្រង់ត្រូវបានជ្រើសរើសជាសម្តេចប៉ាបតាំងពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥មក។
ដោយឡែកសំណេរដែលទ្រង់បានសរសេរនៅលើបណ្តាញសង្គមនេះ គឺថា «សូមសេចក្តីសុខសាន្តនៅជាមួយអ្នករាល់គ្នា នេះជាពាក្យជំរាបសួរដំបូងដែលនិយាយដោយព្រះគ្រីស្តនៅក្នុងនាមជាអ្នកគង្វាលដ៏ល្អ។ ខ្ញុំចង់ឱ្យការស្វាគមន៍នេះដក់ជាប់ក្នុងចិត្តបងប្អូន ក្នុងគ្រួសាររបស់បងប្អូន និងក្នុងចំណោមមនុស្សទាំងអស់ មិនថាពួកគេនៅទីណា គ្រប់ជាតិសាសន៍ និងទូទាំងពិភពលោក។»
មកដល់ពេលនេះ គណនី @Pontifex ផ្លូវការនៅលើ X មានអ្នកតាមដានសរុបចំនួន ៥២ លាននាក់នៅទូទាំង ៩ ភាសា ដោយឡែកនៅលើ Instagram គណនីថ្មីរបស់ទ្រង់នឹងមានឈ្មោះ @Pontifex – Pope Leo XIV ដែលនឹងក្លាយជាគណនីរបស់សម្តេចប៉ាបផ្ទាល់ជាផ្លូវការតែមួយគត់នៅលើវេទិកាគ្រប់គ្រងដោយ Meta ហើយគណនី @Franciscus របស់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនឹងនៅតែអាចចូលប្រើបានជាបណ្ណសារមួយ៕
Daily Program
