សម្តេចប៉ាបស្វាគមន៍គ្រូពេទ្យនិងបុគ្គលិកមន្ទីរពេទ្យជីមេលី (Gemelli) នៅបុរីវ៉ាទីកង់

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅមុនបុណ្យចម្លងមកដល់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានយាងទទួលស្វាគមន៍ ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកនៃមន្ទីរពេទ្យជីមេលី (Gemelli) នៅទីក្រុងរ៉ូម រួមជាមួយនឹងសមាជិកនៃសាកលវិទ្យាល័យ និងមន្រ្តីក្រោមរចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនៅក្នុងបុរីវ៉ាទីកង់។
វ៉ាទីកង់ញូវបានរាយការណ៍ថា ជំនួបនេះបានរៀបចំឡើងប្រមាណជា ២០ នាទី ជាមួយក្រុមវេជ្ជបណ្ឌិត បុគ្គលិករួមទាំងផ្នែកអនាម័យសរុបប្រមាណជា ៧០ នាក់ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥។
ក្នុងជំនួបនោះសម្តេចប៉ាប បានបង្ហាញអំណរនិងការដឹងគុណរបស់ទ្រង់ចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកនៅមន្ទីរពេទ្យជីមេលី ដែលបានថែទាំសុខភាពរបស់ទ្រង់រយៈពេល៣៨ថ្ងៃ ដោយសារជំងឺរលាកសួតទាំងគូ។
នាឱកាសនោះសម្តេចប៉ាប បានសម្តែងការដឹងគុណរបស់ទ្រង់ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ហើយបញ្ជាក់ដោយខ្លីៗថា ទ្រង់តែងតែអធិស្ឋានដល់ពួកគេ។
សម្តេចប៉ាបបានមានបន្ទូលថា «អរគុណសម្រាប់សេវានៅមន្ទីរពេទ្យនេះល្អណាស់។ ខ្ញុំសូមអរគុណ»។
ចាប់តាំងពីចាកចេញពីមន្ទីរពេទ្យ ស្ថានភាពសុខភាពរបស់សម្តេចប៉ាបកំពុងតែប្រសើរ ប៉ុន្តែទ្រង់នៅមានបញ្ហានៅបំពង់សំឡេង៕
Daily Program
